សមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជីវិតវីរៈកងទ័ព និងពលរដ្ឋភៀសសឹក ដែលត្រូវការឈាមក្នុងករណីចាំបាច់។ ពិធីនេះដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង នៅវិមានរដ្ឋសភា។
ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងពីការដាក់ចេញទិសដៅការងារសំខាន់ចំនួន២ គឺ៖ ទី១ ការបង្ហូរឈាម ដែលជាការបរិច្ចាគឈាមមនុស្សធម៌សង្រ្គោះជីវិត មិនត្រឹមតែជាការបរិច្ចាគពីថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភានោះទេ ក្រុមសមាជិករដ្ឋសភាកម្ពុជានៃសភាវ័យក្មេងនឹងបន្តបេសកកម្មនេះ នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅពេលដែលជាតិយល់ថាចាំបាច់។
ដោយឡែកទិសដៅការងារទី២ គឺដើម្បីជួយការពារបងប្អូនប្រជាពលរដ្ឋ និងកុមារនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រុមសមាជិករដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នឹងបង្កើតមូលនិធិកសាងជម្រកសុវត្ថិភាព ជាលេណដ្ឋានបេតុង ជូនប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលមានចំងាយពីព្រំដែន ៥០គីឡូម៉ែត្រ ព្រមទាំងសាងសង់សាលារៀនចល័តធ្វើពីកៅស៊ូតង់ នៅតាមមណ្ឌលសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីកុមារ និងសិស្សបានបន្តការសិក្សា និងចែករំលែកភាពកក់ក្តៅរវាងគ្នា។
គួរកត់សម្គាល់ថា ដោយសារតែប៉ះទង្កិចគ្នាពីរលើករួចមកហើយ ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនបានគិតគូរពីការកសាងលានដ្ឋានទុកជ្រកកោនដោយខ្លួនឯង ចៀសវាងការភៀសខ្លួនចោលផ្ទះសម្បែង។ ម្យ៉ាងទៀតមនុស្សចាស់ៗ និងក្មេង ពិបាកធ្វើដំណើរ ដូច្នេះមានតែការកសាងលានដ្ឋានឲ្យបានរឹងមាំគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅជាប់ព្រំដែនជាការគិតគូរដ៏ត្រឹមត្រូវបំផុត។
សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ អាចចូលបម្រើការងារនៅអង្គភាពវិញ និងសាលារៀនទាំងអស់ដែលបានផ្អាក ដំណើការបង្រៀន និងរៀនបណ្តោះអាសន្ន ត្រូវបើកដំណើរការបង្រៀន-រៀនឡើងវិញ ព្រមទាំងត្រូវរៀបចំជីកលេណដ្ឋាន (ត្រង់ស)រួមមួយនៅតាមសាលារៀនរៀងៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕




