សម្តេចតេជោផ្តាំថា សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ ដែលរុញកម្ពុជាឲ្យធ្វើជាសត្រូវជាមួយអាមេរិក

រឿងក្រុមហ៊ុន កូកាកូឡា ផ្តាច់កុងត្រាជាមួយតារារ៉េប វណ្ណដា មូលហេតុក៏ព្រោះលោកបង្ហាញជាតិនិយម សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឲ្យបានដឹតដល់ ដោយសម្តេចផ្តាំថា សូមកុំចូលអន្ទាក់របស់សត្រូវឲ្យសោះ។ សត្រូវនោះគឺសម្តេចតេជោចង់សំដៅភាគីថៃដែលរុញកម្ពុជាឲ្យធ្វើជាសត្រូវជាមួយអាមេរិក។

តាមរយៈសារខាំមិនក្នុងបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៧ សីហា សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដាស្រឡាញ់ជាតិ ឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល។ ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ 

សម្តេចបានសង្កត់ធ្ងន់ថា ប្រសិនក្រុមហ៊ុនកូកាកូឡាដកខ្លួនចេញពីកម្ពុជានោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ច យើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេង តែយើងបានម្ចាស់ការកាត់ផ្តាច់និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។

សម្តេចតេជោបានថ្លែងថា «ខ្ញុំមិនជំទាស់ទេ ប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបាន តែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។ ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀតគឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។

សម្តេចតេជោបានផ្តាំយ៉ាងដូច្នេះថា «សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សាដើម្បីជាប្រយោជន៍របស់យើងដែរ»។  ទន្ទឹមគ្នានេះ សម្តេចតេជោសង្ឃឹមថា តារារ៉េប វណ្ណដា និងយល់ទោះគេបញ្ឈប់ដោយមូលហេតុណាក៏ដោយគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។ សម្តេចតេជោបញ្ជាក់បន្ថែមថា «វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ»៕