ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាគឺមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយ សន្តិភាពបន្ថែមទៀត។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តថា ចំណុចនេះ ក៏ស្ថិតនៅចំណោមកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC កន្លងទៅដែរ គឺកម្ពុជា-ថៃ ឯកភាពគ្នា ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីបន្ថយកំដៅនៃភាពតានតឹង និងប្រឈមមុខគ្នាដោយកងកម្លាំងប្រដាប់អាវុធតាមបន្ទាត់ព្រំដែន។
អ្នកនាំពាក្យក្រសួងការពារ បានបន្ថែមថា ការអនុវត្តបទឈប់បាញ់បានយ៉ាងពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែជាអ្វីដែលប្រជាជនទាំងពីរចង់បាននោះទេ ក៏ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ តាមរយៈការចេញសារជាច្រើនសម្តែងការអបអរសាទរ និងការគាំទ្រចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មការធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
កម្ពុជាបានប្តេជ្ញាធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
បើតាមអ្នកនាំពាក្យរូបនេះ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ក្រសួងការពារជាតិសង្កេតឃើញថា មានការវិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់ ជាមូយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំ GBC និង RBC ជាដើម។ ដូច្នេះវាជាការចាំបាច់ ដែលភាគីទាំងពីរ ត្រូវតែកសាងលើការវិវត្តវិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ជាពិសេស ការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ សម្រាប់ជាប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕