អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ,សមាគមធនាគារនៅកម្ពុជា (ស.ធ.ក.) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក.) កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងនិងលើកកម្ពស់ការសម្រុះសម្រួលដោះស្រាយវិវាទនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

បើតាមសេចក្តីប្រកាសរួម ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបើកទំព័រថ្មីនៃការធ្វើកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេស ការដោះស្រាយ វិវាទរវាងធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់ ស.ម.ក. និង ស.ម.ក. ជាមួយនិងអតិថិជន របស់ខ្លួន, ចូលរួមចំណែកលើកកម្ពស់យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ឱ្យកាន់តែ មានគុណភាព ឱ្យកាន់តែសម្បូរបែប ឱ្យកាន់តែមានភាពទាក់ទាញ និងកាន់តែមានប្រសិទ្ធភាពខ្ពស់មួយ
កម្រិតបន្ថែមទៀត ឈានទៅសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងនីតិកាល ទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ត្រឹមត្រូវប៉ិនប្រសប់ និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នាដែលភាគីទាំងបីបានចុះហត្ថលេខានាថ្ងៃនេះ អ.ជ.ក., ស.ធ.ក. និង ស.ម.ក.នឹងធ្វើការសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមកលើការពង្រឹងសមត្ថភាពជូនដល់មន្ត្រីសម្រុះសម្រួល ដោះស្រាយវិវាទនៃ អ.ជ.ក. ក៏ដូចជាមន្ត្រីពាក់ព័ន្ធនៃគ្រឹះស្ថានដែលជាសមាជិករបស់សមាគមទាំងពីរ ទាំងលើ ជំនាញពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ និងទាំងលើបច្ចេកទេស និងនីតិវិធីនៃការសម្រុះសម្រួលផ្សះផ្សា វិវាទក្រៅប្រព័ន្ធតុលាការផងដែរ។
បន្ថែមពីនេះ ស្ថាប័នទាំងបីក៏នឹងធ្វើកិច្ចសហការគ្នាក្នុងការជួយផ្សព្វផ្សាយអំពី អត្ថប្រយោជន៍នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានកាន់តែ ទូលំទូលាយជូនដល់ប្រជាពលរដ្ឋ និងសមាជិកនៃសមាគមទាំងពីរ តាមរយៈការរៀបចំជាកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាលឬព្រឹត្តិការណ៍នានាដែលទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ៕
អត្ថបទ៖ ពុទ្ធិកា