ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវជាថ្មីឲ្យមានជំនួបដោយផ្ទាល់ជាមួយភាគីរុស្ស៊ីដោយបានគូសបញ្ជាក់ថា វាជាមធ្យោបាយឆ្ពោះទៅមុខដ៏មានប្រសិទ្ធភាពបំផុតដើម្បីបញ្ចប់សង្គ្រាម។
ថ្លែងក្នុងពិធីបុណ្យឯករាជ្យជាតិអ៊ុយក្រែននៅថ្ងៃទី២៤ខែសីហានេះ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្យាថានឹងជំរុញរុស្ស៊ីឆ្ពោះទៅរកសន្តិភាព លោកថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបយល់ស្របថា អ៊ុយក្រែនមិនទាន់ឈ្នះទាំងស្រុងនៅឡើយទេ ប៉ុន្តែច្បាស់ណាស់ក៏មិនចាញ់ដែរ។
សារព័ត៌មាន AFP បានផ្សាយនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានច្រានចោលលទ្ធភាពនេះ ដោយចោទប្រកាន់លោកខាងលិចថាកំពុងស្វែងរកលេសដើម្បីរារាំងការចរចា និងរិះគន់ប្រធានាធិបតីអ៊ុយក្រែន ដែលចង់បានកិច្ចប្រជុំទាំងដៃទទេ។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានកំណត់លក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចា ដូចជា អ៊ុយក្រែនត្រូវបោះបង់មហិច្ឆតាចូលអង្គការណាតូ និងយល់ព្រមពិភាក្សាបញ្ហាកាត់ទឹកដី។
ជាមួយគ្នានេះដែរ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា ប្រទេសរុស្ស៊ីបានធ្វើសម្បទានដ៏ធំនៅក្នុងការចរចាសន្តិភាពនាពេលថ្មីៗនេះ ហើយបានបង្ហាញពីបំណងចង់ស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន។
ថ្លែងក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC កាលពីថ្ងៃទី២៤ លោក Vance បានលើកឡើងថា ទីក្រុងមូស្គូបានធ្វើការសម្របសម្រួលគួរឲ្យកត់សម្គាល់ទាំងនេះជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំកន្លះនៃជម្លោះ បន្ទាប់ពីការចូលរួមការទូតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ៕
