ឈប់លាក់បាំងតទៅទៀត ទីបំផុតតារាចម្រៀង មាស សុខសោភា ចេញមុខការពារនិងប្រកាសថាលោកតាសក់សភ្នំត្បែងជាស្វាមីខ្លួនពេញៗមាត់ ដោយមិនខ្លាចអ្វីទាំងអស់ក្រោយពីត្រូវបុគ្គលម្នាក់មើលងាយស្វាមីរបស់នាង ។

កាលពីយប់ថ្ងៃទី ២០ ខែសីហា កន្លងមកនេះតារាចម្រៀង មាស សុខសោភា បានបង្ហោះសារពីរឿងព្រំដែន និងសូមឱ្យបងប្អូនជឿជាក់លើការដោះស្រាយរបស់ថ្នាក់ដឹកនាំ ។ ទន្ទឹមនិងការបង្ហោះសារនោះ មានអ្នកខមមិនជាច្រើនទៅលើសំណេររបស់នាង ដោយម្នាក់ៗនិយាយតែពីរឿងនាងនិងតាសក់សភ្នំត្បែង រហូតមានបុគ្គលម្នាក់បានប្រើពាក្យមិនសមរម្យ ធ្វើឱ្យ មាស សុខសោភា ទ្រាំលែងបាន ព្រលះ និងចេញមុខការពារតាសក់សភ្នំត្បែងដែលជាស្វាមីខ្លួន ។
តារាចម្រៀង មាស សុខសោភា បាននិយាយថា « អ្នកមិនសមជាមនុស្សដែលរាប់ថាជាអ្នកចេះដឹងឡើយ ទោះគាត់ជាមនុស្សបែបណាក៏ដោយ តែពេលនេះគាត់ជាស្វាមីរបស់នាងខ្ញុំ គាត់ជាមនុស្សល្អដែលមើលថែការពារខ្ញុំ បើអ្នកមិនពេញចិត្តអូសរំលងចុះ ឬនាងខ្ញុំban ចេញក៏បាន » ។
អាចនិយាយបានថានេះជាលើកដំបូងហើយដែលតារាចម្រៀង មាស សុខសោភា ទទួលស្គាល់ថា តាសក់សភ្នំត្បែងគឺជាស្វាមីពេញៗមាត់ បន្ទាប់ពីសំងំអស់ពេលយ៉ាងយូរមិនតបតជាមួយមហាជន ពីរឿងតាសក់សភ្នំត្បែង ។
នៅពេលដែលចំណងស្នេហ៍ខ្លួន និងតាសក់សភ្នំត្បែងកាន់តែបើកចំហរ តារាចម្រៀង មាស សុខសោភា ចាប់ផ្តើមរីករាយជាងពេលមុន ពីព្រោះនាងមិនបាច់ធ្វើរឿងលាក់បាំង ហើយក៏គ្មានសម្ពាធផ្លូវចិត្ត ជាក់ស្តែងតាំងពីទទួលស្គាល់ថា ខ្លួននិងតាសក់សភ្នំត្បែងជាស្វាមីភរិយានិងគ្នា អ្នកទាំងពីរតែងតែបណ្តើរគ្នាទៅណាមកណាដោយបើកចំហ ដោយមិនខ្លាចពាក្យសម្តី និងការមើលងាយពីមហាជនមួយចំនួនឡើយ ៕


