ក្រុមអ្នកវិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ជាមួយCDC

ក្រោមការសម្របសម្រួលនិងរៀបចំដោយក្រុមហ៊ុន Cambodia Securities Plc. កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត​​ដែលមានបំណង​ស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ក្នុងជំនួបនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ហើយបានសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនា​សម្ព័ន្ធរូបវន្តរបស់កម្ពុជាដែល​កំពុងរីកដុះដាលជាបន្តបន្ទាប់។

ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនជប៉ុន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូល​ព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។ លោកប្រធានគណៈប្រតិភូ ក៏បានបញ្ជាក់ថាក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំ​យកវិនិយោគិនជប៉ុនក្នុងវិស័​យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក៏នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាផងដែរ។

យោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា ​បានបង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០២៥ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាងកម្ពុជា-ជប៉ុន សម្រេចបាន​ក្នុង​ទឹក​ប្រាក់​សរុប​ជាង ១,២​ ពាន់លាន​ដុល្លារ កើន​ឡើង​ជិត ៣០% បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ។ ក្នុង​ចំនួន​នេះ គឺ​កម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុនជាង ៧៥០លាន​ដុល្លារ កើនឡើង ១៩,៩​% ចំណែក​ជប៉ុន​នាំ​ចូលជាង ៤៦០លាន​ដុល្លារ កើន ៤៦,១%៕

អត្ថបទ៖ ពុទ្ធិកា