ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃចូលឈ្លានពានកម្ពុជាមក ហើយមានប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺនគ្រួសារ រាប់ម៉ឺននាក់ បានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ ដោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ភ្លាមៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ដោយឃើញប្រជាពលរដ្ឋភៀសសឹកនៅក្នុងជំរំជួបបញ្ហាលំបាកការហូបចុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះដឹកនាំបញ្ជាផ្ទាល់ដល់គោលដៅទាំង ១១ទីតាំងរបស់ក្រុមយុវជនសហព័ន្ធ ដើម្បីរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ដោយសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
គិតមកត្រឹមថ្ងៃទី២៥ ខែសីហានេះ គឺមានរយៈពេល ១ខែហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកក្រុមការងារបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋសរុបចំនួន ៦៩,៩២១នាក់ ស្មើនឹង ១៥,០៦០ គ្រួសារ ក្នុងនោះខេត្តឧត្តរមានជ័យ ៧ គោលដៅ សរុប ៤១,០១៣នាក់ ស្មើនឹង ១១,៦៨៧ គ្រួសារ និងខេត្តព្រះវិហារ ៤ គោលដៅ សរុប ២៨,៩០៨នាក់ ស្នើនឹង ៣,៣៧៧ គ្រួសារ។
បើទោះជាយើងមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលផ្តួចផ្តើមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សហការរៀបចំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមានភាគចីចូលរួមដ៏សកម្មក៏ដោយ គិតចាប់ថ្ងៃទី២៤ កក្កដាមក រហូតមកដល់ថ្ងៃទី២៤ សីហានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងបន្តផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹករបស់យើងដោយបំរើម្ហូបឲ្យបងប្អូនប្រជាពលរដ្ឋហូបចុកគ្រប់គ្រាន់ រង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕











