សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ច​ប្រ​ជុំRBC រវាងយោ​ធភូមិភាគទី៥ និងបញ្ជា​ការដ្ឋានការពា​រព្រំដែនចាន់បុរី​-ត្រាត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈ​កម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ដែលប្រព្រឹត្តទៅថ្ងៃចន្ទ ទី២៥ សីហា ២០២៥។

គួររម្លឹកថា កិច្ចប្រជុំវិសាមញ្ញគណៈ​កម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ គឺ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងគណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត ។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។

ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

អត្ថបទ៖ ពុទ្ធិកា