រាជរដ្ឋាភិបាល បង្កើតការងារជាង៣០ម៉ឺនកន្លែងជូនពលរដ្ឋ តាមរយៈគម្រោងវិនិយោគ៤៤០​គម្រោងដែលCDCអនុម័តក្នុងរយៈពេល៧ខែឆ្នាំនេះ

បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លាន ដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

ជាការកត់សម្គាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រឹមតែរយៈពេល៧ខែ នៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគ កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង។

ដោយឡែកក្នុងខែកក្កដា កន្លងទៅថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៥៧ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង។

ជារួម ការចុះបញ្ជី គម្រោងវិនិយោគមានការកើនឡើងចំនួន ២៣គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕