រដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរៀបចំដោយរាជរដ្ឋាភិបាល។ ការអនុម័តនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋសភា បន្តសម័យប្រជុំលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដោយមានការចូលរួមពីសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានពន្យល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតាន​តឹង​និងកំពុងប្រឈមនឹងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេស បែរជាមាន​ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បានធ្វើសកម្មភាពចូលរួមនិងឃុបឃិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើសកម្មភាពបណ្តាល​ឱ្យប៉ះ ពាល់ដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រនិងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ឧតមរបយោជន៍ របស់ជាតិ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំ​ពុងខិតខំកសាងខឿនការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយមានការគាំទ្រពេញលេញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា កាលពីពេលកន្លង ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបើកផ្លូវឱ្យមានការរៀបចំច្បាប់ឲ្យដកសញ្ជាតិខ្មែរបាន សម្រាប់ជនណាដែលប្រព្រឹត្តអំពើក្បត់ជាតិធ្ងន់ធ្ងរ។

ខ្លឹមសារថ្មី នៃសេចក្តីស្នើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ដូចតទៅ៖ «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។