មេបញ្ជាការយោធភូមិភាគទី២ថៃ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានត្រៀមលក្ខណៈធ្វើរបងហ៊ុមព័ទ្ធប្រាសាទតាមាន់ធំ ដោយរង់ចាំការបញ្ជាពីរដ្ឋាភិបាល និងមន្ទីរវិចិត្រសិល្បៈ។ នេះបើតាមកាសែត Bangkok post ចេញផ្សាយ។

ឧត្តមសេនីយ៍ឯក Boonsin Padklang បាននិយាយថា ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែមានស្ថិរភាព ដោយមានការសន្ទនាគ្នានៅថ្នាក់មូលដ្ឋាន ទោះបីជាការសម្រេចចិត្តរបស់ភាគីទាំងពីរនៅកម្រិតគោលនយោបាយនៅតែរង់ចាំក៏ដោយ។
ពាក់ព័ន្ធករណីថ្មីៗនេះ ដែលអតីតទាហានព្រៃថៃ តាំងខ្លួនជាអ្នកទេសចរថៃបានវាយទាហានខ្មែរនៅប្រាសាទតាមាន់ធំ ឧត្តមសេនីយ៍ទោ Boonsin ថា អាជ្ញាធរថៃបានចេញលិខិតសុំទោសដល់មេបញ្ជាការកម្ពុជា ដែលទទួលយកហើយ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តនោះ។
លោក Boonsin បានជំរុញឱ្យអ្នកទេសចរប្រុងប្រយ័ត្ន ព្រោះសកម្មភាពរបស់ពួកគេប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ។ លោកបានបន្តថា មេបញ្ជាការទាំងថៃ និងកម្ពុជា ត្រូវតាមដានមន្ត្រីក្រោមឱវាទរបស់ខ្លួន ខណៈពេលនេះកន្លែងកំពុងមានបញ្ហាប្រឈមបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានព្រមានកាលពីថ្ងៃចន្ទថា មហិច្ឆតាចង់សង់របងជុំវិញប្រាសាទតាមាន់ធំរបស់ថៃអាចធ្វើឲ្យជម្លោះកាន់តែខ្លាំងឡើង។ សម្តេចតេជោ ថ្លែងថា ៖ «ខ្ញុំមិនគំរាមកំហែងសង្គ្រាមទេ ប៉ុន្តែយើងកំពុងរៀបចំសម្រាប់សង្រ្គាមដែលអាចនឹងកើតឡើង»៕




