ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយទំព័រមកថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលស្នើប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនលោក ព្រមទាំងបានជឿជាក់ថា សម្តេចធិបតីជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។

យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហារបស់ប្រធានាធិបតី ត្រាំ ដែលត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៧ ខែសីហា លោក ដូណាល់ ត្រាំ បានថ្លែងថា «ខ្ញុំសូមអរគុណចំពោះលិខិតដ៏កក់ក្តៅរបស់ឯកឧត្តម ជាពិសេសការស្នើរូបខ្ញុំ សម្រាប់ពាន់រង្វាន់ណូបែលសន្តិភាព»។
លោក ត្រាំ ប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា លោកមានកិត្តិយសក្រៃលែងដែលបានសន្ទនាជាមួយសម្តេច ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ។ លោកបន្តថា ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏យូរអង្វែង និងសម្បូរបែប។ ប្រធានាធិបតី ត្រាំ ជឿជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។
លោក ត្រាំ គូសបញ្ជាក់ថា៖ «ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ បញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ»។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ត្រាំ បានចូលរួមចំណែកយ៉ាងសំខាន់ដែលបានធ្វើឲ្យមានបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្រោមការផ្តួចផ្តើមដោយប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ហើយក៏មានការចូលរួមអង្កេតតាមដានពីភាគីចិនផងដែរ៕
