សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាវេលារំលងអធ្រាត្រថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា នៅទីក្រុងធានជីន ប្រទេសចិន ប្រកបដោយជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនិងថ្លែងសុន្ទរកថាក្រោមមូលបទ «ការអនុវត្តពហុភាគីនិយម ការធានា នូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងសុន្ទរកថា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO ក្នុងការលើកកម្ពស់ « ស្មារតីសៀងហៃ» (Shanghai Spirit) និងការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍថ្មីរបស់ SCO។ កម្ពុជាសូមស្វាគមន៍ និងគាំទ្រគំនិត ផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់សកលមួយដែលមាន អង្គការសហប្រជាជាតិជាស្នូលប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃ សមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្រជាជនជាធំ និងលទ្ធផលជាក់ស្តែង។
កម្ពុជាត្រៀមខ្លួន ជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែល មានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ កម្ពុជាសម្លឹងឃើញ SCO ជាវេទិកាពហុភាគីគន្លឹះ ដោយមាន«ស្មារតី សៀងហៃ ឲ» ជាមគ្គុទេសក៍ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការផ្តល់តម្លៃខ្ព ផ្តល់តម្លៃខ្ពស់ដល់ភាពចម្រុះ។ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់SCO ក្នុងឆ្នាំ២០១៥ កម្ពុជាបាន ផ្តល់សារៈសំខាន់ខ្ពស់ ដល់ការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិកSCO រដ្ឋសង្កេតការណ៍ និងដៃគូសន្ទនានៅក្នុងវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានេះ សម្តេចវរធិបតីនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវការយល់ឃើញអំពីមធ្យោបាយ ក្នុងការជំរុញនូវគោលការណ៍ និងសេចក្តីប្រាថ្នា រួមក្នុងការអនុវត្តពហុភាគីនិយម ទាមទារនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាបន្នភាព។ ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត ធានាសន្តិភាព និងស្ថិរភាព គឺជា សមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម ជាពិសេសការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងស្ថិរភាព រយៈពេលវែង។
សម្តេចបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្តិសុខតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើត អនាគតមួយប្រកបដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសម្រាប់យើងទាំងអស់គ្នា៕




