ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធី “ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង” នៅសាលមហោស្រពសាលាខេត្តកោះកុង។ លោកជំទាវ ឈី វ៉ា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង ដែលត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី។
អភិបាលខេត្តថ្មីរូបនេះ បានលើកឡើងថា ជាការពិតណាស់ការទទួលបាននូវមុខតំណែងដ៏ឧត្តុង្គឧត្តមនាឱកាសនេះ ពិតជាមហាកិត្តិយសដ៏ធំធេង និងថ្លៃថ្លាបំផុត សម្រាប់លោកជំទាវ ក្នុងអាជីពជាអ្នករាជការ។ ទោះបីជាកន្លងមក លោកជំទាវធ្លាប់បានខិតខំបម្រើការងារ នៅថ្នាក់មូលដ្ឋានក្នុងខេត្តនេះស្រាប់ក្នុងតួនាទី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាអភិបាលរងខេត្តកោះកុងក៏ដោយ ក៏នាងខ្ញុំ គិតថាមុខតំណែងថ្មីនេះ គឺជាការចាប់ផ្តើមសាកល្បងនូវវិញ្ញាសារថ្មីមួយទៀត ដែលមានលក្ខណៈកាន់តែស៊ីជម្រៅ និង ទាមទារឱ្យលោកជំទាវ ត្រូវតែមានការបង្កើនការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងបរិបទនៃកំណែទម្រង់លើគ្រប់វិស័យ ជាពិសេស កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងគោលដៅឆ្ពោះទៅសម្រេចឱ្យបានកាន់តែប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន ទាំងស្មារតី និងសម្ភារៈ ជាមួយនឹងការប្រកាន់យកនូវឥរិយាបថ អាកប្បកិរិយា សីលធម៌ សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ខ្លួន ជាមន្ត្រីរាជការ និងជាអ្នកបម្រើប្រជាជនដោយភាពស្មោះត្រង់បំផុត។
ដើម្បីជាសក្ខីភាព ឆ្លើយតបទៅនឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវបានប្រកាសប្តេជ្ញាចិត្តយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេស ការរៀបចំកែលម្អ សោភ័ណភាពទីក្រុង និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំងទី ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកកម្ពស់គុណភាព ជីវភាព រស់នៅប្រកបដោយវិបុលភាព ផាសុកភាព សុខុមាលភាព ជូនប្រជាជនទូទាំងខេត្តកោះកុង។
ទន្ទឹមនេះ លោកជំទាវបានសំណូមពរ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តគាំទ្រ និងផ្តល់នូវជំនឿទុកចិត្តលើលោកជំទាវ ដើម្បីអាចបំពេញការងារឱ្យ អស់ពីសមត្ថភាពក្នុងបេសកកម្មដ៏ធំធេងនេះទទួលបានជោគជ័យសម្រាប់ជាតិ មាតុភូមិ និងប្រជាជន ជាពិសេសខេត្តកោះកុង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តប្រពៃណីដឹកនាំ ពីលោកជំទាវ មិថុនា ភូថង ដែលលោកជំទាវ បានខិតខំដឹកនាំខេត្តកោះកុង ប្រកបដោយជោគជ័យ ក្នុងរយៈពេល ២អាណត្តិកន្លងទៅ។
សូមជម្រាបថា មុនទទួលបានការតែងតាំងនេះ លោកជំទាវ ឈី វ៉ា មានតួនាទីជា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ លោកជំទាវ គឺជាកូនស្រីឯកឧត្តមព្រឹទ្ធាចារ្យ រួន សិង្ហផាន់ ដែលលោកបានទទួលមរណភាពប្រមាណជាង ៥ឆ្នាំមុន ហើយលោកគឺជាឥរស្សជនតស៊ូម្នាក់ផងដែរជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕





