ជិះឥតគិតថ្លៃ! សម្តេចបវរធិបតី ឲ្យរៀបចំរថយន្តក្រុង ៥៩៧គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់គោលការណ៍ឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។

តាមការបញ្ជាក់ទំព័រហ្វេសប៊ុកនាថ្ងៃទី១១ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖ 

រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ 

ចំណែករថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ ដែលព័ត៌មានលម្អិត សាលារាជធានីភ្នំពេញនិងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។ 

សម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ៕