បារាំង យកចិត្តទុកដាក់ខ្លាំង និងបន្តតាមដានជាប្រចាំ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង បានបញ្ជាក់ជូនសម្តេចតេជោថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយបារាំង​នឹងបន្ត​តាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជា បារាំង ឯកឧត្តម ក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត ។

ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតបារាំងបែបនេះ ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅឯកឧត្តមឯកអគ្​គរដ្ឋ​ទូត ដោយស្នើឱ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ ។

សម្តេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ថា បទឈប់បាញ់នេះនៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ នឹងវិលមករកប្រក្រតីភាពឡើងវិញ ៕

អត្ថបទ៖ ពុទ្ធិកា