ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពលករខ្មែរដែលត្រឡប់មកពីថៃចំនួន ២៤ម៉ឺននាក់ បានទទួលការងារធ្វើ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអបអរសាទរបងប្អូនពលករចំនួន២៤ម៉ឺននាក់ ដែលបានទទួលការងារធ្វើ។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី បានបញ្ជាក់ថា ឱកាសការងារចំនួន ៨៥,៩៨២ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។

សូមជម្រាបថា មានបងប្អូនពលករប្រមាណ ៩៣ម៉ឺន ទៅ៩៤ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ។ ក្នុងនោះកុមារមានរង្វង់ជាង ៥ម៉ឺននាក់ ដែលតួលេខនេះ បានបូកសរុបតាំងពីខែមិថុនាមក, អ្នកដែលមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ មានប្រហែលជាង ២៥ម៉ឺននាក់ ប៉ុន្តែចំពោះតួលេខដែលយើងបានបូកសរុបមុនពេលប៉ះទង្គិចគ្នា កាលពីថ្ងៃទី២៤កក្កដា គឺចរន្តនោះមានការចេញចូល ហើយតួលេខស្ទួនគ្នា មានប្រមាណជាង ១០ម៉ឺន។

ប្រសិនជាយើងដកតួលេខស្ទួន និងតួលេខកុមារចេញ គឺនៅសល់ប្រមាណជា ៧០ម៉ឺន ទៅ៧៥ម៉ឺននាក់ ដែលក្រសួងត្រូវរៀបចំយុទ្ធនាការផ្សព្វផ្សាយពីឱកាសការងារជូនពួកគាត់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា។

បើតាមអ្នកនាំពាក្យក្រសួងការងារ ក្នុងរង្វង់ ៧៥ម៉ឺននាក់នោះ មានជាង ៣០ម៉ឺននាក់ ដែលទទួលបានឱកាសការងារ តាមរយៈយុទ្ធនាការរបស់ក្រសួងការងារ វិស័យឯកជន ក៏ដូចជាបងប្អូនសហជីព ដែលបានជួយសម្របសម្រួលជាមួយក្រសួង ហើយជាង៦ម៉ឺននាក់ទៀត ជាបងប្អូនកំពុងស្ថិតនៅក្នុងវិស័យសំណង់៕