នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ អាចបញ្ចប់បញ្ហាជម្លោះព្រំដែន និងស្តារទំនាក់ទំនងកម្ពុជា-ថៃ ដែលបានធ្លាក់ក្នុងកម្រិតដ៏អាក្រក់បំផុតនេះបានទេ?

សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះក្នុងកម្រិតដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាន។ ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃបានធ្លាក់ដល់កម្រិតទាបបំផុតនេះ ដែលដើមចមគឺបង្កឡើងពីភាគីថៃ ដោយភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥។

គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺថ្ងៃដែលកងទ័ពថៃ បានបើកការវាយប្រហារមកលើបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់ប្រាសាទតាមាន់ធំ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួចមក គឺមានរយៈពេលជាង ១ខែហើយ ដែលកម្ពុជា និងថៃ នៅតែស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាខ្លាំង បើទោះជាប្រទេសទាំងពីរ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅក្តី។

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មើលឃើញថា ចាប់តាំងពីកើតមានព្រឹត្តិការណ៍នៃការវាយប្រហារក្រោមមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា របស់កងទ័ពថៃ មក រាល់ទំនាក់ទំនងរវាងកម្ពុជា-ថៃ លើគ្រប់វិស័យ ពិសេសពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ការទូត និងសូម្បីតែទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលមានវប្បធម៌ស្រដៀងគ្នា និងជាប្រទេសដែលមានព្រំដែនរួមគ្នារាប់រយគីឡូម៉ែត្រ ត្រូវបានកាត់ផ្តាច់ និងមានបញ្ហារកាំរកុសយ៉ាងខ្លាំងគួរឱ្យបារម្ភ។

សកម្មភាពញុះញង់បង្កហេតុរបស់អ្នកនយោបាយ កងទ័ព រួមទាំងប្រជាជនថៃមួយចំនួន ពិសេសការប្រើប្រាស់ភាសាមើលងាយមើលថោក និងការបង្ហាញនូវភាពរើសអើងមកលើថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ហាក់បាននិងកំពុងតែក្លាយជារឿងធម្មតានៅក្នុងសង្គមថៃ គ្រប់មជ្ឈដ្ឋាន បើទោះបីជាគេមើលឃើញនិងដឹងថា ឥរិយបថដែលពោរពេញទៅដោយការប្រមាថនោះ នឹងអាចធ្វើឱ្យអរិភាពរវាងប្រទេសទាំងពីរ កាន់តែធ្ងន់ធ្ងរក្តី។

យ៉ាងណាក៏ដោយ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោកយល់ថា ប្រទេស និងប្រជាជនទាំងពីរ (កម្ពុជា-ថៃ) ពិតជាមិនអាចស្ថិតនៅក្នុងស្ថានភាពប្រឈមមុខដាក់គ្នាជារៀងរហូតនោះឡើយ នោះក៏ព្រោះតែប្រទេសទាំងពីរ មានព្រំដែនរួមគ្នា ពិសេសមានទំនាក់ទំនងវប្បធម៌ ជាមួយគ្នាជាយូរលង់ណាស់មកហើយ។

សម្រាប់កម្ពុជា ទាំងថ្នាក់ដឹកនាំ ទាំងកងទ័ព និងប្រជាជន គឺយើងមានសំឡេងបេះដូងក្នុងចង្វាក់តែមួយគឺ “យើងស្រឡាញ់សន្តិភាព ចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង បណ្តាប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក”។ ក្នុងន័យនេះ ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញក្នុងទំនាក់ទំនងលើគ្រប់វិស័យរវាងកម្ពុជា-ថៃ អំណើះតទៅគឺអាស្រ័យទាំងស្រុងទៅលើឥរិយាបថរបស់ថៃ ទាំងថ្នាក់ដឹកនាំនិងកងទ័ពថៃ។

លោកបណ្ឌិតបានបង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ ដែលត្រូវបោះឆ្នោត នាពេលខាងមុខនេះ នឹងបញ្ចប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងឈរលើយន្តការច្បាប់អន្តរជាតិ ដើម្បីឈានទៅកសាងឡើងវិញនូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដូចដើម៕