អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសថ្កោលទោស ចំពោះជនជាតិថៃដែលយក​រូបថត​ថ្នាក់ដឹកនាំ​​កម្ពុជា ​ទៅធ្វើជាផ្ទាំងបាញ់ស៊ីប​សម្រាប់ចាប់យករង្វាន់

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅ ដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ ជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែ អំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរ កុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។

ជាក់ស្តែង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សូម្បីតែទទួលរងការប្រមាថពីជនជាតិថៃមួយចំនួនយ៉ាងខ្លាំង ក៏ដោយ ក៏ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅតែអំពាវនាវកុំឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើសកម្មភាពបែបនេះតបទៅភាគីថៃវិញឡើយ។ នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះ អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា នៅប្រទេសថៃអំពើអសីលធម៌ និងការប្រមាថគ្រប់បែបយ៉ាង ចំពោះថ្នាក់ដឹកនាំកម្ពុជាបានប្រព្រឹត្តទៅដោយចំហរ ដោយគ្មានវិធានការអ្វីទាំងអស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបណ្តែតបណ្តោយឱ្យអំពើប្រមាថបែននេះកើតមានដោយសេរី នៅក្នុងប្រទេសថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បញ្ជាក់ជូនថា កម្ពុជាទោះបីជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់ សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ៕