សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ នៅវិមានព្រឹទ្ធសភា។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោបានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានចាត់ទុកវត្តមានឯកឧត្តមនាយករដ្ឋមន្ត្រីមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនេះ គឺជាច្រកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង រវាងកម្ពុជា និងកុំមិនវែលដូមីនីក ដើម្បីឲ្យមានភាពរីកចម្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះសម្តេចតេជោ ដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានជួបសម្តែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានលើកឡើងថា កាលពេលឯកឧត្តមនៅជានិស្សិត ឯកឧត្តមបានសិក្សាអំពីប្រវត្តិរបស់សម្តេចតេជោ ដែលបានតស៊ូជាច្រើនក្នុងការ រំដោះប្រទេសកម្ពុជា ក៏ដូចជាការដឹកនាំប្រទេសឲ្យមានការរីកចម្រើន។ ឯកឧត្តមបានកោតសរសើរសម្តេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដែលឯកឧត្តមបានហៅសម្តេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឲ្យមានសន្តិភាព និងមានភាពរីកចម្រើន ។
នៅក្នុងឱកាសនោះ សម្តេចតេជោ បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានចាប់អារម្មណ៍ពីប្រវត្តិរបស់សម្ដេច។ សម្តេចតេជោក៏បានមានប្រសាសន៍រៀបរាប់បន្ថែមអំពីការតស៊ូរបស់សម្ដេច ក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ តាំងពីការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងការនាំប្រទេសជាតិមករកសុខសន្តិភាព ឯកភាពទឹកដី ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨។
សម្តេចតេជោក៏បានចែករំលែកជាច្រើនទៀតទាក់ទងទៅនឹងបទពិសោធទាំងអស់នោះក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងឱកាសនោះ សម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដោយសម្តេចតេជោបានពន្យល់អំពីរឿងរ៉ាវដែលបានកើតឡើងនាពេលកន្លងទៅនេះ។ សម្ដេចតេជោបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បានគឺការរក្សានូវបទឈប់បាញ់មួយ ដោយមានប្រសិទ្ធភាព និងការបញ្ចប់នូវវិបត្តិដើម្បីឈានទៅរកដំណោះស្រាយ និងទៅរកប្រក្រតីភាពឡើងវិញដូចប្រទេសទាំងពីរធ្លាប់មានពីមុនមក។
សម្តេចតេជោក៏បានលើកឡើងអំពីសក្ដានុពលនៃទំនាក់ទំនងរវាងកម្ពុជា និង
កុំមិនវែលដូមីនីក។ សម្តេចតេជោបានបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែពង្រីកនូវចំណងមិត្តភាព តាមរយៈវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីឲ្យទំនាក់ទំនងរដ្ឋ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ ភាគីទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយឱ្យមានភាពស្អិតរមួតនឹងគ្នា ដើម្បីជាកត្តាជំរុញដល់វិស័យផ្សេងៗទៀត។
ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះសម្តេចតេជោ ដែលបានចែករំលែកនូវបទពិសោធន៍យ៉ាងពិស្តារ ជាពិសេសការតស៊ូ ការរំដោះប្រទេសជាតិ និងការស្វែងរកសន្តិភាព ដោយឯកឧត្តមបានចាត់ទុកសម្តេចតេជោជា វចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក ហើយជាមេដឹកនាំមួយដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងជាផ្នែកមួយធ្វើឲ្យពិភពលោកមានសុខសន្តិភាពផងដែរ។ ឯកឧត្តមបានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំដែលបានចូលរួមចំណែក នៅក្នុងការដោះស្រាយបញ្ហាពិភពលោកជាច្រើនក្នុងពេលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រី។ ឯកឧត្តមផ្ទាល់ និងសហការី ពិតជាមានកិត្តិយសណាស់ដែលពេលនេះបានស្ដាប់នូវការចែករំលែកបទពិសោធន៍របស់សម្តេចតេជោ ដែលប្រកបដោយគតិបណ្ឌិត និងជាមេរៀនដ៏សំខាន់សម្រាប់ឯកឧត្តមផងដែររ។
ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តមបានបង្ហាញអំពីការគាំទ្រដោះស្រាយបញ្ហាដោយសន្តិវិធី ហើយសង្ឃឹមថាបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗ និងវិលមករកប្រក្រតីភាពឡើងវិញ។ នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានទទួលយកនូវសំណើរបស់សម្តេចតេជោក្នុងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងគណបក្សនៃប្រទេសទាំងពីរ ដែលឯកឧត្តមនឹងធ្វើកិច្ចការងារនេះ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាបន្តបន្ទាប់ទៀត៕


