ថ្ងៃនេះគឺជាខួប ១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។
នៅថ្ងៃខួប១៣ឆ្នាំនៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នេះ នៅលើទំព័រហ្វេសបុក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។
សម្តេចតេជោ ហ៊ុន សែន ក៏លំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់យាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ ការយាងសោយទិវង្គតរបស់ព្រះអង្គបានក្លាយជាទុក្ខសោកសៅយ៉ាងខ្លាំងដល់ប្រជារាស្រ្តខ្មែរទាំងមូល។
ប្រជារាស្រ្តខ្មែរតែងចងចាំមិនភ្លេចនូវព្រះរាជស្នាព្រះហស្ថដ៏មានតម្លៃបំផុតជាប្រវត្តិសាស្រ្តរបស់ព្រះអង្គចំពោះជាតិមាតុភូមិកម្ពុជានោះ គឺ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពី អាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំងស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ និង ការដឹកនាំប្រទេសមានការរីកចម្រើនខ្លាំងក្នុងសម័យសង្គមរាស្ត្រនិយម។
ជាការតបស្នងចំពោះពលីកម្មរបស់ព្រះអង្គ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខនៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ ដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេសតែងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌលតម្កល់ព្រះបរមរូបស្ថិតនៅសួនច្បារវិមានឯករាជ្យ និងនៅតាមក្រសួង ស្ថាប័ន អង្គភាព វត្តអារាម និងមណ្ឌលសាសនានានានៅទូទាំងប្រទេសកម្ពុជា៕
