ប៉ូលិសនៃអង្គភាពបង្រ្កាបបទឧក្រិដ្ឋផ្នែកសេដ្ឋកិច្ចថៃ កាលពីថ្ងៃពុធ ទី៣ ខែធ្នូនេះ បានចុះធ្វើការចាប់ខ្លួនតារាសម្តែងស្រីម្នាក់ឈ្មោះ Rybena Intachai ដែលគេស្គាល់ថា Nana Rybena ក្រោមការចោទប្រកាន់ពីបទឆបោក និងបំពានច្បាប់ស្តីពីការផ្តល់កម្ចី ពាក់ព័ន្ធប្រាក់រាប់រយលានបាត បន្ទាប់ពីជនរងគ្រោះជាច្រើននាក់ បាននាំគ្នាដាក់ពាក្យបណ្តឹងប្រឆាំងរូបនាង។

សារព័ត៌មានថៃ The Nation បានចុះផ្សាយឲ្យដឹងថា តារាសម្តែង Nana Rybena ត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះក្នុងទីក្រុងបាងកក។ មុនមានការចាប់ខ្លួនរឿងអាស្រូវកក្រើកមួយបានផ្ទុះឡើងលើបណ្តាញសង្គមក្នុងប្រទេសថៃ អំពីតារាម្នាក់ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ គឺត្រូវគេស្គាល់ត្រឹមអក្សរអង់គ្លេស N ថាបានជំពាក់បំណុលគេរាបលានដែលអាចរហូតដល់៤០០លានបាត ឬស្មើនឹងជាង១២លានដុល្លារអាមេរិក។
តារាសម្តែង Nana Rybena មានអាជីពជាតារាសម្តែងផង ពិធីការនីទូរទស្សន៍ផង DJ ផង និងអ្នកបើករថយន្តប្រណាំងផង ហើយក្រោយមកបានចាប់ផ្តើមបើក អាជីវកម្មចម្រុះ រួមមានទាំងហាងធ្វើសក់ ហាងលក់សម្លៀកបំពាក់ ព្រមទាំងការរៀបចំការប្រគុំតន្រ្តី និងព្រឹត្តិការណ៍ផ្សេងៗ។ បន្ទាប់ពីផ្ទុះរឿងអាស្រូវនោះ អ្នកនាង Nana Rybena ក៏បានប្រកាសជាសាធារណៈ ទទួលស្គាល់ថា ខ្លួនគឺជាបុគ្គល N ពិតមែនផងដែរ ប៉ុន្តែមិនអាចបកស្រាយអ្វីច្រើនជាងនេះទៀតទេ៕


