គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័។
អ្នកតំណាងរាស្ត្រ ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤)នៃរដ្ឋសភា រួមជាមួយតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរភៀសសឹកជិត៣០០ គ្រួសារស្នាក់នៅបណ្តោះអាសន្ននៅកន្លែងមានសុវត្ថិភាព ជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លាន ពានពីកងទ័ពសៀម។
ឯកឧត្តម បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានភៀសសឹកមកតំបន់មានសុវត្ថិភាព សូមមេត្តាមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាគឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាលនិងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិយើង បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ។
ឯកឧត្តម បានបន្តថា ការចាកចោលភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សាសាលារៀន និងប្រឈមការលំបាកជាច្រើនផ្សេងទៀត អនាម័យនិងប៉ះពាល់ផ្លូវចិត្តចំពោះពួកគាត់យ៉ាងធ្ងន់ធ្ងរ។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២៥៧គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហារទៅលើពលរដ្ឋខ្មែរពីកងកម្លាំងប្រដាប់អាវុធគ្រប់ដៃសៀមទៅលើជនស៊ីវិលស្លូតត្រង់ខ្មែរ។ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើលំនៅឋានបងប្អូនប្រជាពលរដ្ឋខ្មែរ ជនស៊ីវិល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និង រងរបួសមានចំនួន ៣នាក់៕









