ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីកត្តាសំខាន់ៗចំនួន៥ ដែលជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ។ កត្តាទាំង ៥នោះរួមមាន៖
- កត្តារាជរដ្ឋាភិបាល៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពសំខាន់មួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដោយប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព។
- កត្តាសាលារៀន រួមទាំងនាយកសាលា៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ នាំឱ្យមានការគាំទ្រពីសហគមន៍។
- កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ដែលទាមទារការយកចិត្តទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ត្រៀមសម្រាប់កម្រិតសិក្សាបន្តបន្ទាប់ទៀតជាដើម។
- កត្តាគ្រូបង្រៀន៖ គ្រូបង្រៀន ត្រូវមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានសីលធម៌ល្អ ត្រូវបន្តអភិវឌ្ឍខ្លួនឯងជាប្រចាំ ពង្រឹងវិធីសាស្ត្របង្រៀនឱ្យកាន់តែសម្បូរបែប ស្របតាមបរិបទថ្មីៗនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃកម្មវិធីសិក្សា។ ក្រសួងបាននិងកំពុងព្យាយាមបណ្ដុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ បន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយពង្រឹងការប្រឡងជ្រើសរើសគ្រូ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។
- កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥៕





