សាមគ្គីខ្មែរតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ទទួលបានការណែនាំពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់ប្រគល់ជូនកងទ័ព និងជនភៀសសឹក

ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវជារឿងសំខាន់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវ​ជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ រៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនយកទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។

តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូនេះបានឲ្យដឹងថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

ការចូលរួមរបស់ក្រុមយុវជន ធ្វើឡើងតាមរយៈប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។

គួររម្លឹកថា បន្ទាប់ពីយោធាថៃឈ្លានពានសារជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខដើម្បីប្រមូលទិញអំបុក, ប្រមូលត្រីធ្វើងៀត, បាយដំណើមត្រីអាំង, ផលិតទឹក និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ៕