រាល់ការខូចខាតដោយសារសង្រ្គាម តើនរណាជាអ្នកសង? ថៃជាអ្នកបង្ក ជាអ្នកឈ្លានពានកម្ពុជា តើទទួលខុសត្រូវសងដែរឬទេ?

សំណួរសួរថា ពេលចប់សង្រ្គាម ការខូចខាតផ្ទះសម្បែង ការខូចខាតទ្រព្យសម្បត្តិដែលខូចខាតដោយសារសង្រ្គាមនោះ តើនរណាជាអ្នកសង? តើប្រទេសថៃដែលបានធ្វើឱ្យមានការខូចខាតទាំងនោះ ទទួលខុសត្រូវសងដែរឬទេ?

សំណួរអំពីសំណងលើការខូចខាតដោយសង្រ្គាមទាំងនេះ ត្រូវបានបកស្រាយដោយលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យ៉ាងដូច្នេះថា៖ កាលពីសង្រ្គាមលោកលើកទី២ ប្រទេសជប៉ុនដែលចាញ់សង្រ្គាម ត្រូវធ្វើការសងការខូចខាត ទៅលើប្រទេសនិមួយៗដែលជប៉ុនបានធ្វើឱ្យខូចខាតក្នុងពេលសង្រ្គាម? ប៉ុន្តែ ការដែលជប៉ុនទទួលខុសត្រូវសងការខូចខាតទាំងនោះ គឺដោយសារ ជប៉ុន ជាអ្នកចាញ់សង្រ្គាមតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើភាគីជម្លោះបញ្ឈប់សង្រ្គាមដោយការធ្វើការចចារនោះ នោះគឺមិនមាននរណាឈ្នះ នរណាចាញ់នោះទេ ដូចនេះ ការទទួលខុសត្រូវគឺត្រូវទទួលខុសត្រូវរៀងខ្លួន។

អ្នកច្បាប់ជើងចាស់រូបនេះ បានបន្តថា នៅក្នុងក្រមរដ្ឋប្បវេណីកម្ពុជា សង្រ្គាម គឺជាករណីប្រធាសក្តិ គឺមិនមាននរណា ឬ រដ្ឋជាអ្នកទទួលខុសត្រូវនោះទេ ដូចនេះ រដ្ឋក៏មិនមានកាតព្វកិច្ចសងការខូចខាតដល់ប្រជាពលរដ្ឋដែរ។ ដូចនេះ ការសងការខូចខាត គឺអាស្រ័យលើការសណ្តោសរបស់រដ្ឋតែប៉ុណ្ណោះ។ ពោលគឺបើរដ្ឋមានធនធាន រដ្ឋអាចចេញសំណងខូចខាតដល់ប្រជាពលរដ្ឋរបស់ខ្លួនរៀងខ្លួនបាន បើពុំនោះទេ គឺចាត់ទុកជាគ្រោះ ករណីប្រធានសក្តិតែប៉ុណ្ណោះ។

នៅថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២៥ នេះ ដែលជាថ្ងៃទី១៨ នៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ របាយការណ៍ពីក្រសួងមហាផ្ទៃ បានឱ្យដឹងថា សរុបពីថ្ងៃទី៧ ខែធ្នូ មកដល់ល្ងា ថ្ងៃទី២៣ ខែធ្នូ មានពលរដ្ឋ ស្លាប់ចំនួន២១នាក់ និងរបួសចំនួន៨៣នាក់។ ដោយមានជនភៀសសឹកកើនឡើងសរុប ៦០៨.០៩៧នាក់ ក្នុងនោះស្រ្តី ៣១៨.៧០៨នាក់ និងកុមារ១៩១.៩៥៧នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។

ចំពោះករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ១២០ខ្នង សាលារៀន៥ទីតាំង មណ្ឌលសុខភាព ៣ទីតាំង ផ្សារ១ បង្គោលអង់តែនទូរសព្ទ២កន្លែង ប្រាសាទបុរាណមួយចំនួន វត្ត៥ទីតាំង សាលាឆទាន១ កុដិ១ អគារគយ និងរដ្ឋាករ១ អគារឯកជន១៣ទីតាំង អគាររដ្ឋ១២ខ្នង សណ្ឋាគារ៥ទីតាំង មណ្ឌលកសិកម្ម សហគមន៍១ ផ្លូវ២កន្លែង ស្ពានថ្ម២កន្លែង ស្ពានដែក១ ស្ពានបុរាណ១ ក្បាលស្ពាន១ ស្ថានីយ៍ប្រេង១ មធ្យោបាយ ដឹកជញ្ជូន២៨គ្រឿង ឃ្លាំងរថយន្ត១ និងឃ្លាំងទិញដំឡូង១៕