រូបកាយនៅអាមេរិកតែចិត្តនឹកដល់ស្រុកកំណើត រឿន ណាត អំពាវនាវឲ្យប្រ​ជាជនខ្មែរ ចូលរួម​ជួយឧបត្ថម្ភដល់​កងទ័ពនិងជនភៀសសឹក

ទោះបីជាកំពុងរស់នៅលើទឹកដីអាមេរិក យ៉ាងមានក្តីសុខជាមួយស្វាមីយ៉ាងក្តី រឿន ណាត ដែលជាអតីត Miss Universe ២០១៨ នៅតែនឹករលឹកដល់កម្ពុជា ដែលជាទីកំណើត ជាពិសេសក្នុងអំឡុងពេលដែលប្រទេស កំពុងជួបសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃ។

នៅលើគណនីហ្វេសបុក រឿន ណាត បានសរសេររៀបរាប់ថា « នៅក្រោមអណ្តាតភ្លើងសង្រ្គាម បានបង្រៀនយើងយល់កាន់ច្បាស់ថា ប្រសិនបើយើងមិនរឹងមាំខ្លួនឯងទេ គ្មានប្រទេសណាមកការពារ ឬជួយយើងបានឡើយ ។ គេបានដឹងនិងបានឮរឿងដែលកើតឡើង តែចុងក្រោយបានត្រឹមតែឈរមើលប៉ុណ្ណោះ យុត្តិធម៌តែងតែលំអៀងទៅកន្លែងណាដែលមានអត្ថប្រយោជន៍ រឹងមាំ ងើបឡើង តស៊ូរូមគ្នា ព្រោះកម្លាំងពិត កើតឡើងពីភាពរួបរួម »

ជាមួយគ្នានេះ រឿន ណាត ក៏បានចូលរួមឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនមួយចំនួនជាមួយមូលនិធិផ្សេងៗ ដើម្បីជួយដល់កងទ័ពជួរមុខកំពុងឈរជើងការពារទឹកដី និងជនភៀសសឹក ដែលបានរត់ចេញពីផ្ទះសម្បែង ដោយសារគ្រាប់ផ្លោងរបស់យោធាថៃផងដែរ។

ដ្បិតតែពេលនេះរូបរាងកំពុងស្ថិតនៅទឹកដីអាមេរិក ប៉ុន្តែចិត្តនិងបេះដូងរបស់ រឿន ណាត នៅតែនឹករលឹក និងព្រួយ​បារម្ភពីប្រទេសជាតិ។  រឿន ណាត ក៏អំពាវនាវដល់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគថវិកានិងសម្ភារៈផ្សេងៗដើម្បីជួយដល់ជនភៀសសឹកដែលកំពុងរងគ្រោះ ទោះជាតិចក្តីច្រើនក្តីតាមលទ្ធភាព៕