ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបានកន្លងមក ដើម្បីការពារជាតិមាតុភូមិ សេចក្តីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ប្រមុខការពារជាតិកម្ពុជា បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមផ្ទាល់ សូមផ្ញើជូននូវសេចក្ដីនឹករឭក យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចនៅតាមស្ថាប័ន កងឯកភាពនានា សិក្ខាកាមកំពុង តែសិក្សាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ សូមទទួលបាននូវសុខភាពល្អបរិបូរ កម្លាំងមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ។
ឯកឧត្តមរដ្ឋមន្ត្រីយកឱកាសដ៏មានអត្ថន័យនេះ សម្ដែងនូវមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែល សម្រេចបានក្នុងឆ្នាំកន្លងមក អ្វីៗគ្រប់យ៉ាងដែលកងយោធពលខេមរភូមិន្ទយើងសម្រេចបាន គឺកើតចេញពីការលះបង់ ខិតខំពុះពារជំម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីបានយ៉ាងគង់វង្សគ្រប់កាលៈទេសៈ ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនកម្ពុជា ក្រោមឯកសណ្ឋានដ៏មានកិត្តិយសឧត្ដុង្គឧត្តមនេះ កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការជាប្រវត្តិសាស្ត្រទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវ ជោគជ័យជូនជាតិមាតុភូមិគួរជាទីមោទនៈក្រៃលែង។
ជាថ្មីម្ដងទៀត ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូម៉ជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញ បេសកកម្ម និងសិក្ខាកាមទាំងអស់ដែលកំពុងសិក្សាជំនាញនានា រួមទាំងយោធិនដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ជាពិសេសវីរកងទ័ពដ៏អង់អាចក្លាហានទាំង ១៨រូប ដែលត្រូវបានទាហានថៃចាប់ឃុំខ្លួនដោយ ខុសច្បាប់ក្រោយបទឈប់បាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរ កម្លាំងមាំមួន ឆាប់បានវិលត្រឡប់មកកាន់ មាតុភូមិកំណើត ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្តមជូនជាតិមាតុភូមិ៕



