N.Jonh កូនប្រុស​​តារាចម្រៀង ព្រាប សុវត្ថិ នាំ​មិត្ត​បរទេ​ស​ច្រៀងរៀប​រាប់​​ពីទុក្ខ​លំបាកកម្ពុជារងការឈ្លានពានពីថៃឱ្យពិភពលោកបានដឹង

N.Jonh កូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ កំពុងរស់នៅទឹកដី អាមេរិក បាននាំមិត្តបរទេសចំនួន៤នាក់ច្រៀងរៀបរាប់ពីទុក្ខលំបាកកម្ពុជា ដែលកំពុងរងគ្រោះពីការឈ្លានពានពីថៃ ។

ទោះបីជាកន្លងមក N.Jonh ដែលជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលរងនូវការរិះគន់ខ្លះៗអំពីការចេញបទចម្រៀងខុសពេលវេលាក្តី តែពេលនេះលោកទទួលបានការសរសើរច្រើន បន្ទាប់ពីបានចូលរួមផ្សព្វផ្សាយបញ្ហាប្រទេសជាតិបង្ហាញទៅកាន់អន្តរជាតិ និងបានបួងសួងសូមឱ្យប្រទេស កម្ពុជា មានសុខសន្តិភាព ។

តាមរយៈវិដេអូចម្រៀងខ្លីដែល N.Jonh បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះ លោកបានដឹកនាំមិត្តភក្តិបរទេសចំនួន៤នាក់ច្រៀងចម្រៀងរៀបរាប់ពីទុក្ខលំបាករបស់ កម្ពុជា ដែលរងគ្រោះដោយការឈ្លានពានពីថៃ ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងថា កម្ពុជា ត្រូវការសន្តិភាព ។

ក្រៅពីច្រៀងរួមគ្នាច្រៀងនូវបទចម្រៀងនេះ N.Jonh ក៏បានចូលរួមជាថវិកាពីចំងាយចំនួន១ពាន់ដុល្លារ ដើម្បីជួយដល់កងទ័ពនិងបងប្អូនជនភៀសសឹក ដែលកំពុងរត់ភៀសខ្លួនរកកន្លែងសុវត្ថិភាព បន្ទាប់ពីរងគ្រោះដោយសារការវាយប្រហាររបស់កងទ័ព សៀម ៕