កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់ការពិភាក្សារបស់ខ្លួនហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ។

ក្រសួងការពារជាតិ បញ្ជាក់ថា គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។
បើតាមក្រសួងការពារជាតិ ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ។
គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។








