ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង ក្រោមការដឹកនាំប្រជុំរួមដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ។

បើតាមនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំថា អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងនោះក៏បានពិនិត្យលើសំណូមពររបស់ប្រទេសជប៉ុន ដែលមានបំណងឱ្យប្រទេសទាំងពីរពិចារណា លើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា ចំពោះការងារដោះមីនមនុស្សធម៌ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ ក្នុងរយៈពេល ១សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាព ព្រមទាំងសម្រប សម្រួលលើការរៀប ចំផែនការ និងអនុវត្តការងារនេះ។
ភាគីទាំងពីរនឹងរៀបចំ ឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល ១ ខែខាងមុខ។ សកម្មភាពនេះ នឹងចូលរួម ចំណែកដោយ ផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ភាគីទាំងពីរក៏បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការងារដោយបង្ខំ និងការឆ្លងដែនខុសច្បាប់ ជាដើម។
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មី ពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មាន ដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយ ស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។ ក្នុងន័យនេះ អង្គប្រជុំបានប្រគល់ភារកិច្ចដល់ក្រសួងមហាផ្ទៃ និងនគរបាលជាតិ នៃប្រទេសទាំងពីរ ដើម្បីធ្វើការ រៀបចំផែនការសកម្មភាព សម្រាប់ដោះស្រាយបញ្ហាខាងលើ៕
អត្ថបទ៖ ពុទ្ធិកា