អបអរសាទរ! សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ​»​លើឆាកអន្តរជាតិ

សៀវភៅម្ហូបខ្មែរ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» បានឈ្នះពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ (Special Award of the Jury) ក្នុងពិធីប្រគល់រង្វាន់អន្តរជាតិ Gourmand Awards លើកទី៣០ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ដល់ ២២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងទីក្រុងលីសស្បាន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ប្រទេស។

សៀវភៅម្ហូបនេះ ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងលើកកម្ពស់កេរដំណែលសិល្បៈ ម្ហូបខ្មែរដែលជាផ្នែកមួយនៃយុទ្ធនាការការទូតអាហារ ក៏ដូចជាការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់កម្ពុជា។

គំនិតផ្តួចផ្តើមរៀបចំសៀវភៅម្ហូបនេះឡើង បន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន «សៀវភៅម្ហូបអាស៊ីល្អដាច់គេ» ឆ្នាំ២០២១ និង ឆ្នាំ២០២២ និង «សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយ ថ្នាក់ដឹកនាំនៃរដ្ឋ» ឆ្នាំ២០២២ និង «ពាន់រង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» ឆ្នាំ២០២៣។

ពានរង្វាន់មួយនេះ គឺជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចបន្តខិតខំប្រឹងប្រែងចូលរួមលើកកម្ពស់កិត្យានុភាពជាតិ និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជា។

សូមជម្រាបថា សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» នេះបានចងក្រងមុខម្ហូប និង ៣៨មុខ ដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅ។ សៀវភៅនេះក៏បានរំលេច កសិកម្ម និងទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជារួមមាន អង្ករផ្ការំដួល អំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ផងដែរ៕

អត្ថបទ​៖​ ផុន​ លីហ្សា​