សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោបានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាវិញទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ ហើយបានស្នើឱ្យរដ្ឋាភិបាលបង់ក្លាដែសគាំទ្រចំហរកម្ពុជាដែលលើកឡើង និងដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសការរុញបញ្ហានេះទៅយន្តការច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។
ឯកឧត្តមក៏បានសំដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏អស្ចារ្យ ជាមេដឹកនាំដែលគួរឲ្យគោរពក្នុងចំណោមមេដឹកនាំល្បីៗនៅលើពិភពលោក។ ឯកឧត្តមបានបញ្ជាក់ទៀតថា សម្ដេចតេជោជាមេដឹកនាំដ៏ឆ្នើមដែលពិភពលោកត្រូវការ ហើយឯកឧត្តមរំពឹងថាតាមរយៈទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដេស នឹងកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមបានលើកឡើងនូវចំណុច២ ដែលសុំការគាំទ្រពីសម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជាការសុំការគាំទ្រពីកម្ពុជា ទី១ ឯកឧត្តមបានលើកឡើងដោយស្នើឲ្យមានការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងបង់ក្លាដែសឲ្យកាន់តែមានការកើនឡើង និងមានភាពសកម្មជាងមុន ឯកឧត្តមបានលើកឡើងពីទិដ្ឋភាពសក្តានុពលដែលប្រទេសកម្ពុជាមានជាពិសេសភាពរីកចម្រើន និងការអភិវឌ្ឍឆាប់រហ័ស ដោយឯកឧត្តមលើកឡើងថាកាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនប្លែក។
ទី២ឯកឧត្តមបានស្នើ និងសុំឲ្យកម្ពុជាគាំទ្របង់ក្លាដែស គឺតួនាទីរបស់ បង់ក្លាដែសក្នុងការធ្វើជាដៃគូរបស់អាស៊ាន។ ឯកឧត្តមបានបញ្ជាក់ថា បង់ក្លាដែស ចង់ចូលរួមចំណែកធ្វើជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយអាស៊ាន តាមដែលបង់ក្លាដែសអាចធ្វើទៅបាន ជាពិសេសនៅក្នុងស្ថានភាពថ្មីៗនេះ គឺបញ្ហាមីយ៉ាន់ម៉ាក្នុងនាមបង់ក្លាដែសជាប្រទេសជិតខាងជាប់ភូមិផងជាមួយមីយ៉ាន់ម៉ា ជាផ្នែកមួយអាចសន្ទនាជាមួយអាស៊ានជួយដល់តំបន់អាស៊ានផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ហើយសម្ដេចគាំទ្រចំពោះជំហររបស់បង់ក្លាដែសដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យដែលជាផ្នែកមួយជួយដល់បង់ក្លាដែសក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន ទាំងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខ័ណ្ឌដទៃទៀត ជាពិសេសបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមបង់ក្លាដែសគឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយមីយ៉ាន់ម៉ា ដែលជាផ្នែកសំខាន់ក្នុងការដោះស្រាយមីយ៉ាន់ម៉ា។ សម្ដេចតេជោក៏គាំទ្រផងដែរ ក្នុងការជំរុញ ពាណិជ្ជកម្ម កម្ពុជា-បង់ក្លាដែស មានការវិនិយោគ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។ សម្ដេចបន្តថា ស្នូលនៃទំនាក់ទំនងរវាង កម្ពុជានិងបង់ក្លាដែស គឺមិនអាចកាត់ផ្ដាច់បានពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគបាននោះទេ។ សម្ដេចបានផ្ដល់ជាគំនិតថា បង់ក្លាដែស គួរតែគិតគូរបន្ថែមក្នុងការចូលជាដៃគូ នៃ RCEP ពីព្រោះថាបច្ចុប្បន្ននេះ RCEP កំពុងតែបើកផ្លូវឱ្យសមាជិកចូលបន្ថែមហើយបង់ក្លាដែសជាប្រទេសដែលមិនឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍របស់យើង ដូច្នេះជាឱកាសប្រសិនបើបង់ក្លាដែសអាចចូលជាសមាជិក RCEP បាន ។
ឯកឧត្តមក៏បានពេញចិត្តចំពោះ ការផ្ដល់យោបល់របស់សម្ដេចតេជោ ដែលចង់ឲ្យបង់ក្លាដែសចូលជាសមាជិក RCEP ហើយឯកឧត្តមនឹងរាយការណ៍ទៅរដ្ឋាភិបាលរបស់លោក ហើយនឹងពិចារណាចូលជាសមាជិករបស់ RCEP៕


