ឯកអគ្គរដ្ឋទូតចិន រំពឹងថា ទេសចរចិន​នឹងមកកម្ពុជាកាន់តែ​ច្រើននៅឆ្នាំ២០២៥នេះ ដោយសារ​ភាពទាក់​ទាញរបស់​រាជធានី​ភ្នំពេញ

នៅលើគណនីហ្វេសប៊ុក នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បង្ហាញពីក្តីរំពឹង និងជឿជាក់ថា នៅក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥នេះ ភ្ញៀវទេសចរចិនកាន់តែច្រើន នឹងមកលេងកម្សាន្តនៅកម្ពុជា ដោយសារភាពទាក់ទាញនៃសម្រស់រាជធានីភ្នំពេញ។

ឯកឧត្តម កត់សម្គាល់ឃើញថា រាជធានីភ្នំពេញ ជារាជធានីដ៏រស់រវើករបស់ប្រទេសកម្ពុជា ហើយជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមទីក្រុងចំនួន ១៤ ដែលមានកន្លែងរីករាយនៅពេលរាត្រីដ៏ល្អបំផុត ដែលនេះជ្រើសរើសដោយគេហទំព័រទិដ្ឋការអនឡាញ VISA2FLY។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ តាមការផ្សាយដោយ VISA2FLY ចំណាត់ថ្នាក់នេះ ស្ថិតក្នុងចំណោមរាជធានី/ទីក្រុង ជុំវិញពិភពលោក ចំនួន១៤ ។

រាជធានីភ្នំពេញ ដែលជាបេះដូងប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ ផងដែរ ខណៈគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។

ដោយឡែក Tripadvisor ក៏បានចាត់ទុករាជធានីភ្នំពេញ ជាទិសដៅពេញនិយមបំផុតទាំង ២៥ទីក្រុង នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥ផងដែរ៕

អត្ថបទ៖ ពុទ្ធិកា