សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម NISHIMURA Yasutoshi បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការកៀរគរ, ជំរុញ និងលើកទឹកចិត្តវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ ខណៈកម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស លេីផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព។ ការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។
ឯកឧត្តមសមាជិករដ្ឋសភា បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON, និង Minebea ជាដើម ខណៈពេលដែលមានក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀត កំពុងចាប់អារម្មណ៍ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ទន្ទឹមគ្នានេះ ឯកឧត្តមសមាជិករដ្ឋសភា ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងជប៉ុន មានកិច្ចសហប្រតិបត្តិការដ៏ល្អ លេីវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ រវាងកម្ពុជា-ជប៉ុន និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកនៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។
សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងស្វ័យការពារជប៉ុន ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈកងកម្លាំងថែរក្សាសន្តិភាពរបស់ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្ដេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
សម្ដេចបវរធិបតី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន នៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។ សម្តេចសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕
អត្ថបទ៖ ពុទ្ធិកា
