សម្តេចបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលកម្ពុជា-ឡាវ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនេះ, លោកជំទាវ វៀងថុន ស៊ីផាន់ដន បានបញ្ជាក់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលឡាវ-កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

លោកជំទាវ បានបន្តថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ នាថ្ងៃទី០៦ ឧសភា ស្អែកនេះ ស្ថាប័នកំពូលទាំងពីរនឹងចែករំលែកបទពិសោធន៍ និងព័ត៌មាន រវាងគ្នា និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន រួមទាំងការជួញដូរមនុស្ស,​ ការជួញដូរគ្រឿងញៀនខុសច្បាប់​,​​ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (online scams) ក៏ដូចជាការបន្តសហការគ្នានៅក្នុងវេទិកាអន្តរជាតិ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ​ និងដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” កាលពីឆ្នាំ២០១៩។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ គឺជាមរតកដែលបានបន្សល់ទុកពីថ្នាក់ដឹកនាំជំនាន់មុនៗ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពូនជ្រុំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

សម្ដេចបវរធិបតី ក៏បានគូសរំលេចពីវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើវិស័យជាច្រើន ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ថាមពល និងពាណិជ្ជកម្ម ជាដេីម។ សម្តេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដេីម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀន​ ខុសច្បាប់។

សម្ដេចបវរធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នតុលាការនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត នៅគ្រប់កម្រិត៕