តារាចម្រៀង រ៉ាប៊ី បានលើកឡើងទាំងអស់សំណើចផង និង ហួសចិត្តផងថា ពិធីមង្គលការរបស់ខ្លួនអញ្ជើញភ្ញៀវត្រឹមតែ២០០នាក់ បែរជាមានចំនួនអ្នកចូលរួមរហូតដល់ទៅ៥០០នាក់ ។ តែទោះជាយ៉ាងណានាងនិងស្វាមីត្រៀមដឹកដៃគ្នាទៅក្រេបទឹកឃ្មុំរយៈពេល១សប្តាហ៍បន្ទាប់ពីរៀបចំការងាររួចរាល់ ។

បន្ទាប់ពីរៀបការរួច តារាចម្រៀង រ៉ាប៊ី បានចេញសម្តែងច្រៀងនិងបំពេញការងារភ្លាមៗតាមធម្មតា ជាពិសេសនាងនិងស្វាមីទទួលការងារថ្មីពីក្រុមហ៊ុនមួយក្នុងតម្លៃខ្លួនខ្ពស់មិនធម្មតា ។ តែអ្វីដែល រ៉ាប៊ី អស់សំណើច ហួសចិត្តនោះគឺនាងបានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំសូមអរគុណទៅដល់ញាតិមិត្តពួកម៉ាកបងអូនសិល្បៈដែលបានមានវត្តមានក្នុងថ្ងៃមង្គលការពួកយើង ។ ក៏សូមអភ័យទោសរាល់ចំណុចខ្វះខាតដោយសារភ្ញៀវយើងអញ្ជើញ 200 នាក់តែចំនួនអ្នកមករហូតដល់ 500 នាក់ធ្វើឲ្យមានភាពរអាក់រអួលសូមអភ័យទោសនិងអរគុណមែនទែនសម្រាប់ការផ្ដល់វត្តមានដ៏មានតម្លៃ» ។ គ្រាន់តែឃើញ រ៉ាប៊ី និយាយបែបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលនិងឆ្ងល់គ្រប់ៗគ្នា ។
ថ្វីដ្បិតតែមានរឿងហួសចិត្ត និង អស់សំណើចបែបនេះក្តី តារាចម្រៀង រ៉ាប៊ី និងស្វាមី មានគម្រោងនិងដឹកដៃគ្នាចេញទៅក្រេបទឹកឃ្មុំរយៈពេល១សប្តាហ៍ពេញនៅក្រៅប្រទេស ដើម្បីបង្កើនភាពផ្អែមល្ហែម ។
ទៅថ្ងៃអនាគត រ៉ាប៊ី ក៏មិនមានបំណងចង់ចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមីដែរ នាងថា នាងចង់ឱ្យស្វាមីនៅស្រុក ខ្មែរ ច្រើនជាង ដោយសារនាងស្រឡាញ់ និងមានការជាច្រើនដែលត្រូវធ្វើនៅទីនេះ តែបើមានការប្រែប្រួលណាមួយ គឺចាំមើលជាក់ស្តែង ៕


