ឥណ្ឌាកំពុងពិចារណាផែនការកាត់បន្ថយការផ្គត់ផ្គង់ទឹកទន្លេដែលចិញ្ចឹមកសិដ្ឋានប៉ាគីស្ថាននៅខាងក្រោម ជាផ្នែកនៃសកម្មភាពសងសឹកចំពោះការវាយប្រហារដ៏សាហាវកាលពីខែមេសាលើអ្នកទេសចរដែលទីក្រុងញូវដេលីបន្ទោសលើទីក្រុងអ៊ីស្លាម៉ាបាដ។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី ១៦ ខែឧសភានេះ។

ទីក្រុងដេលី បានបដិសេធការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាទឹក Indus ឆ្នាំ១៩៦០ ដែលគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធទន្លេ Indus ភ្លាមៗបន្ទាប់ពីជនស៊ីវិល ២៦ នាក់នៅតំបន់ការស្មៀឥណ្ឌាត្រូវបានសម្លាប់ ដែលឥណ្ឌាហៅថាជាអំពើភេរវកម្ម។ ប្រទេសប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានស្តារឡើងវិញទេ បើទោះបីជាប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរបានយល់ព្រមបទឈប់បាញ់កាលពីសប្តាហ៍មុនបន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
បន្ទាប់ពីការផ្អាកការចូលរួមរបស់ឥណ្ឌាក្នុងសន្ធិសញ្ញានេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារែនដ្រា ម៉ូឌី (Narendra Modi) បានបញ្ជាឱ្យមន្ត្រីឱ្យពន្លឿនការធ្វើផែនការ និងការអនុវត្តគម្រោងនៅលើទន្លេ Chenab, Jhelum និង Indus ដែលជាប្រភពទឹកចំនួនបីនៅក្នុងប្រព័ន្ធ Indus ដែលត្រូវបានកំណត់ជាចម្បងសម្រាប់ការប្រើប្រាស់របស់ប្រទេសប៉ាគីស្ថាន។
ដោយឡែកទីក្រុង Islamabad បានលើកឡើងបន្ទាប់ពីឥណ្ឌាបានផ្អាកសន្ធិសញ្ញាកាលពីខែមេសាថា ខ្លួនបានចាត់ទុកថា «ការប៉ុនប៉ងណាមួយដើម្បីបញ្ឈប់ ឬបង្វែរលំហូរទឹកដែលជាកម្មសិទ្ធិរបស់ប្រទេសប៉ាគីស្ថាន ថាជាសកម្មភាពនៃសង្គ្រាម»។
គូសបញ្ជាក់ថា ប្រហែល ៨០ភាគរយនៃកសិដ្ឋានប៉ាគីស្ថានពឹងផ្អែកលើប្រព័ន្ធទឹក Indus ដូចគម្រោងវារីអគ្គីសនីស្ទើរតែទាំងអស់ដែលបម្រើប្រទេសដែលមានប្រជាជនប្រហែល ២៥០ លាននាក់៕
ដោយ៖ ចិន្តា ទីទិ


