ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាលោកនឹងត្រូវឆ្លើយតបចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើកងនាវាទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ទន្ទឹមនឹងនោះក៏បានពណ៌នាកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនថា «មានប្រយោជន៍»។ នេះបើយោងតាមការផ្សាយចេញទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី៥ ខែមិថុនានេះ។
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹងឡើង បន្ទាប់ពីមានជម្លោះ និងការគំរាមកំហែងជិតបួនខែមកលើទីក្រុងមូស្គូ និងទីក្រុងគៀវពីលោក ត្រាំ ដែលចង់បានសន្តិភាពបន្ទាប់ពីជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបអស់រយៈពេលជាង ៣ ឆ្នាំចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
បន្ទាប់ពីអ៊ុយក្រែនទម្លាក់គ្រាប់បែកលើស្ពាន និងវាយប្រហារកងនាវាផ្ទុកយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី ជ្រៅក្នុងស៊ីបេរី និងភាគខាងជើងឆ្ងាយរបស់រុស្ស៊ី លោកពូទីនបានថាព្រមានលោកមិនគិតថាមេដឹកនាំអ៊ុយក្រែនចង់បានសន្តិភាពទេ។
រហូតមកដល់ពេលនេះ រុស្ស៊ី គឺជាមហាអំណាចនុយក្លេអ៊ែរមួយដ៏ធំបំផុតរបស់ពិភពលោក។ មានវិធីបីយ៉ាងនៃការវាយប្រហារនុយក្លេអ៊ែរ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ មីស៊ីលផ្លោងអន្តរទ្វីបបាញ់លើដី និងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ហើយការវាយប្រហារលើផ្នែកណាមួយនៃ «ទ្រីដ» ត្រូវបានចាត់ទុកថាជាការកើនឡើងយ៉ាងធ្ងន់ធ្ងរ៕
ដោយ៖ ចិន្តា ទីទិ





