ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥០ នាក់នៅហ្គាហ្សានៅថ្ងៃអង្គារនេះ ខណៈដែលអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែករបស់ខ្លួន បើទោះបីជាមានសម្ពាធអន្តរជាតិកើនឡើងដើម្បីបញ្ឈប់ប្រតិបត្តិការយោធា និងអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងហ្គាហ្សាដោយគ្មានឧបសគ្គក៏ដោយ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានបញ្ជាក់នៅថ្ងៃទី២០ ខែឧសភានេះ។

យោងតាមក្រុមគ្រូពេទ្យនៅហ្គាហ្សា បានឱ្យដឹងថា ការវាយប្រហារត្រូវបានធ្វើឡើងលើផ្ទះចំនួនពីរ ដែលជាកន្លែងដែលស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ១៨ នាក់ និងសាលារៀនមួយក្នុងចំណោមតំបន់ផ្សេងៗទៀត។
យោធាអ៊ីស្រាអែល ដែលកាលពីថ្ងៃចន្ទបានព្រមានអ្នកនៅក្នុងទីក្រុងហ្គាហ្សា ភាគខាងត្បូងនៃតំបន់ Khan Younis ឱ្យជម្លៀសទៅកាន់ឆ្នេរសមុទ្រ ខណៈដែលខ្លួនបានរៀបចំសម្រាប់ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក។
យ៉ាងណាម៉ិញ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០ នាក់ក្នុងរយៈពេលប្រាំបីថ្ងៃចុងក្រោយនេះ ខណៈដែលយុទ្ធនាការយោធាកាន់តែខ្លាំងក្លា។
គូសបញ្ជាក់ថា មេដឹកនាំនៃប្រទេសអង់គ្លេស បារាំង និងកាណាដាបានព្រមានកាលពីថ្ងៃចន្ទថា ពួកគេអាចចាត់វិធានការជាក់ស្តែងប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើខ្លួនមិនបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា និងលុបចោលការរឹតបន្តឹងលើជំនួយ៕
ដោយ៖ ចិន្តា ទីទិ

