អតីតអ្នកនយោបាយអ៊ុយក្រែនដែលគាំទ្ររុស្ស៊ីត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅសាលាអាមេរិកវរជនក្នុងទីក្រុង Madrid

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់សម្លាប់អតីតអ្នកនយោបាយអ៊ុយក្រែនម្នាក់កាលពីថ្ងៃពុធ នៅខាងក្រៅសាលារៀនមួយកន្លែងនៅជាយក្រុងម៉ាឌ្រីដ នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអេស្ប៉ាញបានបញ្ជាក់នៅថ្ងៃទី ២២ ខែឧសភានេះ។ 

អតីតនយោបាយ អែនដ្រី ផូតនូវ (Andriy Portnov) អាយុ ៥១ ឆ្នាំពីមុនគឺជាជំនួយការជាន់ខ្ពស់របស់អតីតប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្ររុស្ស៊ីលោក វីកតូ យ៉ានុកូវីច (Viktor Yanukovich) ដែលត្រូវបានបណ្តេញចេញពីការបះបោរដ៏ល្បីបំផុតឆ្នាំ ២០១៤។

លោក ផូតនូវ បានចាកចេញទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤ ហើយបានប្រឈមមុខនឹងការស៊ើបអង្កេតនៅក្នុងប្រទេសអ៊ុយក្រែនជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិ និងការកេងបន្លំ។ លោកត្រូវបានគេកំណត់គោលដៅជាមួយនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប បើទោះបីជាការចោទប្រកាន់ទាំងនោះ និងក្រោយមកត្រូវបានទម្លាក់ចោលក៏ដោយ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់លោក ផូតនូវ នៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ខ្លួននៅឆ្នាំ២០២១ ដោយលើកឡើងថាបាន «បង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយទៅនឹងឧបករណ៍តុលាការ និងការអនុវត្តច្បាប់របស់ប្រទេសអ៊ុយក្រែនតាមរយៈការសូកប៉ាន់»។

ចាប់តាំងពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មានឧក្រិដ្ឋកម្មកម្រិតខ្ពស់ជាច្រើនទាក់ទងនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅក្នុងប្រទេសអេស្ប៉ាញ ដែលមានសហគមន៍ជនបរទេសសំខាន់ៗមកពីប្រទេសទាំងពីរ៕

ដោយ៖ ចិន្តា ទីទិ