អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបង្ហាញការសោកស្ដាយ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពបំភ្លើស បំភាន់ និងបំភ្លៃអត្ថន័យផ្ទាំងស្លោកសន្តិភាព ដែលបានបង្ហោះលើបណ្តាញសង្គម Facebook ដោយគណនីមួយឈ្មោះ «Sothea Chhin» ធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់គំនិតសាធារណៈ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ(ទាំងសងខាង)នៃគម្រោងផ្លូវជាតិលេខ១០ (សំឡូត-បាត់ដំបង,វាលវែង-ពោធិ៍សាត់,ក្រុងខេរភូមិន្ទ-កោះកុង) ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានយ៉សម្រាប់ឈរទស្សនារូបភាព និងថតរូបអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ទៅ-មកនៅទីតាំងស្ពាន ដោយរំលេចពាក្យស្លោកចំនួនពីរផ្ទាំងគឺ «អរគុណសន្តិភាព» និង «រួមគ្នាថែរក្សា ការពារសន្តិភាព» មិនមានពាក្យស្លោកផ្សេងដូចបុគ្គលម្ចាស់គណនេយ្យFacebookឈ្មោះ «Sothea Chhin»បំភ្លៃនោះទេ។
លោក ផន រឹម បានបញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ដែលមានអត្ថធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមកាប់សម្លាប់រាប់មិនអស់។
ប្រជាជនកម្ពុជាទាំងអស់ បានផ្តល់គុណតម្លៃយ៉ាងធំធេងដល់សន្តិភាព។ ពាក្យ «អរគុណសន្តិភាព» ត្រូវបានកត់សម្គាល់ថា មានបិទស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងបានអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស៕
ដោយ៖ ផុន លីហ្សា


