JICA កោតសរសើរកម្ពុជាលើការងារបោសសម្អាតមីន និងប្តេជ្ញាជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMAC ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្ដិភាពតាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសដល់បណ្ដាលប្រទេសដែលរងគ្រោះដោយសារសង្គ្រាមនៅជុំវិញពិភពលោក។ ការលើកឡើងនេះ ក្នុងពេលជួបជាមួយឯកឧត្តម ហេង រតនា​ អគ្គនាយក CMAC កាលពីថ្ងៃទី១២ ខែតុលា ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានិយាយជារួម និងនិយាយដោយឡែកសមិទ្ធផលដែលអង្គភាពCMACសម្រេចបាន ជាពិសេសក្នុងរយៈពេលជាង២៧ឆ្នាំមកនេះ​ JICA បានផ្តល់ជូនរាជរដ្ឋាភិបាល​នូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រេីនប្រភេទ​ រួមទាំងគ្រឿងចក្រកម្ទេចមីន​ធុនធ្ងន់មានចំនួនជាង៥០គ្រឿង។ 

ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសារមន្ទីរតេជោសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន  សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម និងការកសាងសន្តិភាពតាមរយៈការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម។ 

បន្ថែមពីនេះឯកឧត្តមបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អង្គភាពCMACក្នុងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យបោសសម្អាតមីន ជាមួយអ្នកជំនាញជប៉ុន  ដូចជាម៉ាស៊ីនរាវមីនប្រភេទALIS ក៏ដូចជាការបញ្ញាសិប្បនិម្មិតជាដើម។ ឯកឧត្តមក៏បានលើកឡើងពីការប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្ររបស់JICAក្នុងការសហការជាមួយអង្គភាពCMAC ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបោសសម្អាតនៅតំបន់ដែលរងប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គញរាម ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លើសពីនេះឯកឧត្តមមានការភ្ញាក់ផ្អើល និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះគឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរអោយកត់សម្គាល់ ដូចជាព្រលានយន្តហោះថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានា។

ទន្ទឹមនឹងនេះ តាមរយៈឯកឧត្តមបណ្ឌិត ឯកឧត្តម ហេង រតនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាពិសេសមន្ត្រីថ្នាក់ដឹកនាំJICAគ្រប់ឋានានុក្រម​ ដែលតែងតែផ្ដល់ការគាំទ្រនិងជំនួយដល់វិស័យសកម្មភាពកំចាត់មីនរបស់អង្គភាពCMAC ជាពិសេសការផ្ដល់ជំនួយគាំទ្រការកសាងអគារហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោសន្ដិភាពនៅខេត្តសៀមរាប សម្រាប់ដាក់បង្ហាញរូបភាពប្រវត្តិសាស្ត្រសង្គ្រាម ប្រវត្តិជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរំលឹកការចងចាំនៃមរតកសង្គ្រាម និងតម្លៃមហាសាលនៃសន្តិភាព។

អគ្គនាយកស៊ីម៉ាក់ ក៏បានសំណូមពរដល់រដ្ឋាភិបាលជប៉ុន តាមរយៈJICA ដើម្បីបន្ដជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសគាំទ្រកម្ពុជាក្នុងការងារបោសម្អាតមីនរយៈពេល៥ឆ្នាំក្នុងអណត្តិស្នើសុំបន្តរអនុវត្តអនុសញ្ញាអន្ដរជាតិអូតាវ៉ាដល់ឆ្នាំ២០៣០៕