អគ្គស្នងការដ្ឋានគរបាលជាតិ បានបង្ហាញការព្រួយបារម្ភខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានតាមរយៈវីដេអូក្នុងទំព័រហ្វេសបុកឈ្មោះ ស្រ្តី Overseas ពាក់ព័ន្ធនឹងកិច្ចសម្ភាសរបស់លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយបំភ្លៃការពិត និងមានចរឹតញុះញង់ ធ្វើឱ្យមានការភាន់ច្រឡំអំពីលទ្ធផល នៃការចរចារលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា សារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេងរបស់លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនោះទេ។
សារសំឡេងនោះ គឺជាការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបញ្ចូល សំឡេងស្ត្រីម្នាក់ធ្វើអត្ថាធិប្បាយក្នុងចេតនាធ្វើវិទ្ធង្សនា បំពុល បំផ្លាញសង្គម ញុះញ៉ង់ លាបពណ៌ និង បំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចការ ចរចារលើការអនុគ្រោះពន្ធជុំទី១ ជាមួយភាគីអាមេរិក។
តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចបានឱ្យដឹងថា មុខសញ្ញាដែលបានប្រព្រឹត្តសកម្មភាពល្មើសខាងលើ មានឈ្មោះ ជូ ឈីន ភេទស្រី កើតឆ្នាំ១៩៨៣ នៅខេត្តបាត់ដំបង ដែលជាមុខសញ្ញាចាស់ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ តាមរយៈសកម្មភាព ឃុបឃិតជាមួយក្រុមឧទ្ទាមជ្រុលនិយម ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល និងបានរត់ភៀសខ្លួន ទៅប្រទេសថៃ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។
ក្នុងអំឡុងពេលសម្ងំលាក់ខ្លួននៅប្រទេសថៃ ស្ត្រីរូបនេះបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនដូចជាទំព័រឈ្មោះ ស្ត្រី Overseas, គណនីឈ្មោះ ស្ទឹង សម្ងាត់, Chhin Chou, និងគណនីឈ្មោះ ម៉ៅ បង ធ្វើជាមធ្យោបាយ ដើម្បីបម្រើឧបាយកលក្បត់ជាតិ នៃក្រុមឧទ្ទាមជ្រុលនិយម ដោយបន្តសកម្មភាពបង្ហោះព័ត៌មានញុះញ៉ង់ បំភ្លៃការពិត ធ្វើឱ្យចលាចល បង្ករអសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
គួរបញ្ជាក់ថា បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងសហការជាមួយអាជ្ញាធររបស់ប្រទេសថៃ ធ្វើការស្វែងរកចាប់ខ្លួន និងបញ្ជូនស្ត្រីឈ្មោះ ជូ ឈីន មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ ផុន លីហ្សា