អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលបានផ្សាយក្នុងសារព័ត៌មាន Nikkei Asia ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ដែលចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងត្រូវអនុវត្តវិធានការក្រោមមាត្រា ៨ នៃអនុសញ្ញាអូតាវ៉ា។ អាជ្ញាធរមីនបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើឡើងដោយឯកតោភាគី និងផ្ទុយពីការពិត។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣ ខែធ្នូនេះ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជាមិនធ្លាប់ប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ តាំងពីបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាមិនមានប្រើប្រាស់មី ហើយកងកម្លាំងយោធារបស់ កម្ពុជា បានអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាល និងកាតព្វកិច្ចអន្តរជាតិ។ កម្ពុជា មិនមានបទបញ្ជា ឬការអនុញ្ញាតណាដែលអនុញ្ញាតឱ្យប្រើប្រាស់មីន ហើយកម្ពុជាបានប្រកាន់ ខ្ជាប់ នូវគោលការណ៍តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុង សកម្មភាពកំចាត់មីន ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាអូតាវ៉ា។ ចំពោះផ្ទៃដីមានមីននៅតាមតំបន់ព្រំដែន គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមរវាងតួអង្គជាច្រើន ពី ទសវត្សរ៍ឆ្នាំ១៩៧០ ដល់១៩៩០។
អាជ្ញាធរមីនបានបញ្ជាក់ថា ថៃតែងតែធ្វើសកម្មភាពបោសសម្អាតមីន និងសកម្មភាពផ្សេងៗ ដោយឯកតោភាគីនៅតាម បណ្ដោយព្រំដែន ដោយគ្មានការសម្របសម្រួល គ្មានតម្លាភាព ហើយមិនគោរពតាមយន្តការ ដែលមានស្រាប់។ ទង្វើបែបនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផ្ទុយទៅ នឹងស្មារតីមនុស្សធម៌ និងសហប្រតិបត្តិការរបស់អនុសញ្ញាអូតាវ៉ា។ សកម្មភាពមីនមនុស្សធម៌ ត្រូវតែអនុវត្តប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជាសកម្មភាពឯកតោភាគី ឬដើម្បីបម្រើគោលបំណងនយោបាយឡើយ។
បើតាមអាជ្ញាធរមីន ថៃម្តងហើយម្ដងទៀត បានប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ជាយុទ្ធសាស្ត្រដើម្បីបំផ្លាញសមិទ្ធផល និងការរួមចំណែកសកម្មភាពមីនរបស់កម្ពុជា និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលជារដ្ឋភាគី មានការប្ដេជ្ញាខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា។ ការប្រើប្រាស់បញ្ហាមីនដើម្បីបង្កសកម្មភាព និងបញ្ហានានាដោយថៃ បានរំលោភបំពានស្មារតីនៃ អនុសញ្ញាអូតាវ៉ា និងធ្វើឱ្យមានភាពបែកបាក់វាងរដ្ឋភាគី និងសហគមន៍អន្តរជាតិ។ ថៃបានប្រើឧប្បត្តិហេតុផ្ទុះមីនជាហេតុផស ដើម្បីបង្កជម្លោះប្រដាប់អាវុធជាមួយកម្ពុជា និងឈ្លាន ពានលើទឹកដីកម្ពុជា ដោយផ្អែកលើផែនទីឯកតោភាគីរបស់ខ្លួន។ ថៃបានប្រើប្រាស់ឧប្បត្តិហេតុ ផ្ទុះមីន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន និងសហគមន៍អន្តរជាតិ ចេញពីការ បំផ្លិចបំផ្លាញ និងការខូចខាតដ៏ធំធេង ដែលបង្កដោយយោធាថមកលើកម្ពុជា ក្នុងអំឡុងពេល សង្គ្រាមប្រាំថ្ងៃ និងការរំលោភបំពានលើកិច្ចព្រមព្រៀងគូឡាឡាំពួរ និងសេចក្ដីថ្លែងការរួមគ្នា។
កម្ពុជាសម្ដែងនូវការព្រួយ បារម្ភយ៉ាងខ្លាំងដោយឃើញថា ការចោទប្រកាន់ដោយគ្មានការស៊ើបអង្កេតត្រឹមត្រូវ និងមិន ស្របតាមទិដ្ឋភាពបច្ចេកទេស ត្រូវបានប្រើប្រាស់ក្នុងចេតនានយោបាយ ហើយធ្វើឱ្យបាត់បង់ ទំនុកចិត្ត និងបំផ្លាញ វឌ្ឍនភាពដែលកម្ពុជាសម្រេចបាន ជាច្រើនទសវត្សរ៍កន្លងមកនេះ។ សកម្មភាពមីន គួរតែជាកិច្ចការមនុស្សធម៌ និងមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ណាមួយឡើយ។ កម្ពុជានៅតែឈរលើគោលការណ៍ភស្តុតាង កិច្ចសហការ និងយន្តការដែល មានស្រាប់ និងប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ក្នុងសកម្មភាពមីន។ ហើយកម្ពុជាអំពាវនាវឱ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងផ្អែកលើភស្តុតាង និងស្នើដល់គ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋភាគីទាំងអស់ជំរុញឱ្យមានការស៊ើបអង្កេតបច្ចេកទេសរួមគ្ន មានការចូលរួមពីតួអង្គអព្យាក្រឹត និងគោរពយន្តការដែលមានស្រាប់ ចៀសវាងការចោទប្រកាន់ ជាឯកតោភាគី ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់អនុសញ្ញាអូតាវ៉ា។ នេះជាការបញ្ជាក់បន្ថែមរបស់អាជ្ញាធរមីន៕


