សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។
អញ្ជើញអមដំណើរសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។ សម្តេចបវរធិបតី ក៏គ្រោងនឹងមានជំនួបទ្វេភាគីដាច់ដោយ ឡែកជាមួយថ្នាក់ដឹកនាំនៃស្ថាប័ននីតិបញ្ញត្តិជប៉ុន និងអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង សន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។
លើសពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នឹងមានជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។
ដំណើរទស្សនកិច្ចរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសជប៉ុន នឹងជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕