ឯកឧត្តម ជា លីសែ៖ ពិភពលោកហ៊ានសរសើរកម្ពុជា យេីងក៏ត្រូវហ៊ានសរសើរប្រទេសយើងដែរ

«គេហ៊ានសរសេីរយេីង ពិភពលោកហ៊ានសរសើរយើងហើយ យេីងក៏ត្រូវហ៊ានសរសើរ និងចែករំលែកថា កម្ពុជា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។»  នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

ការលើកឡើងរបស់ឯកឧត្តម ជា លីសែ បែបនេះធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរដល់គំរូដ៏ល្អក្នុងការរក្សាសន្តិភាព កងរក្សាសន្តិភាពកម្ពុជា ។

ឯកឧត្តម ជា លីសែ បានពន្យល់ថា កម្ពុជាធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល។ កម្ពុជាក៏ធ្លាប់ជាប្រទេសដែលទទួលបានការជួយសម្របសម្រួលក្នុងបេសកកម្មថែរក្សាសន្តិភាពសម័យអ៊ុនតាក់។ ហើយឥឡូវនេះ កម្ពុជាបាននិងកំពុងចូលរួមឈានមុខនិងយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក  ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ 

ពីប្រទេសទទួលបានជំនួយ មកជាប្រទេសផ្តល់ជំនួយ គឺជំនួយផ្នែកកររក្សាសន្តិភាព កម្ពុជាយើងបានស្ម័គ្រចិត្តបញ្ជូនកងទ័ពមួកខៀវរាប់រយ រាប់ពាន់នាក់ ដើម្បីមើលថែរក្សាសន្តិភាពពិភពលោកវិញ។ ពិតណាស់ គ្មានអ្វីដែលចាំបាច់ជាងសន្តិភាពនោះទេ ក្នុងកាលៈទេសៈដែលគ្មានសន្តិភាព។ 

ឯកឧត្ត បានបន្ថែមថា ដោយមើលឃើញពីការវិវត្តន៍ និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជានេះហើយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព មិនដាច់ពីមាត់ថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន៕