ក្រោយទទួលបានពានរង្វាន់ Role Model Inspiration Hall of Fame ក្នុងព្រឹត្តិការណ៍ HOFS Awards 2025 ព្រះនាងតូច ជេនណា បានពោលពាក្យថា នេះជាជំហានថ្មីរបស់ព្រះនាងក្នុងការឈានជើងទៅឆាកអន្តរជាតិ ។

កន្លងមកទស្សនិកជនឃើញ ព្រះនាងតូច ជេនណា ភាគច្រើនចូលរួមតែក្នុងព្រឹត្តិការណ៍ធំៗនៅប្រទេស ចិន ប៉ុណ្ណោះទាំងការងារសប្បុរសធម៌ និងការប្រគំតន្រ្តីនានា ដោយឡែកថ្មីៗនេះ ព្រះនាងតូច ជេនណា មានឱកាស និងបានទទួលពានរង្វាន់រួមជាមួយតារាល្បីឈ្មោះ កញ្ញា ស៊ីន យូប៊ីន នៅប្រទេស សឹង្ហបុរី ផងដែរ ។
ព្រះនាងតូច ជេនណា បាននិយាយថា « ខ្ញុំរីករាយយ៉ាងខ្លាំងដែលទទួលរង្វាន់ Role Model Inspiration Hall of Fame ក្នុងព្រឹត្តិការណ៍ HOFS Awards 2025 នៅប្រទេស សឹង្ហបុរី ។ ព្រឹត្តការណ៍នេះមិនមែនគ្រាន់តែជាការទទួលពានរង្វាន់ទេ ប៉ុន្តែជាឱកាសដ៏ធំរបស់ខ្ញុំក្នុងការបង្កើតទំនាក់ទំនងថ្មីៗ និងជាជំហានរបស់ខ្ញុំក្នុងការឈានជើងទៅក្នុងឆាកអន្តរជាតិបន្ថែមទៀត » ។
ជំហានថ្មីនេះព្រះនាងតូច ជេនណា រំពឹងយ៉ាងមុតមាំថា នឹងកាន់តែល្បីល្បាញទៅលើឆាកអន្តរជាតិ ដោយសារតែព្រះនាងមិនត្រឹមតែមានទេពកោសល្យខ្លាំងខាងផ្នែកសិល្បៈ ចម្រៀងប៉ុណ្ណោះទេ ថ្មីៗនេះព្រះនាងថែមទាំងបានវិឌ្ឍន៍ខ្លួនក្លាយទៅជាតារាបង្ហាញម៉ូដបន្ថែមទៀត ៕



