កម្ពុជាមិននៅស្ងៀម! ជម្លោះព្រំដែនត្រូវតែសម្រេចដោយច្បាប់អន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជាបានឱ្យលើកឡើងថា ករណីទាហានថៃឈ្លានពាន និងលបលួចបាញ់សម្លាប់ទាហានខ្មែរ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺជាការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភនៃយន្តការដោះស្រាយវិវាទបច្ចុប្បន្ន ជាពិសេសនៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់នៅតាមព្រំដែនរួម។

យ៉ាងណា ដោយមើលឃើញពីបញ្ហានេះ និងដើម្បីដោះស្រាយបញ្ហាព្រំដែន ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានបញ្ជូន វិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។ 

ម្យ៉ាងទៀត ការសម្រេចនេះក៏ទទួលបានការគាំទ្រជាឯកច្ឆន្ទ ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃដដែលនោះផងដែរ។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

រាជរដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើគ្មានការដោះស្រាយដោយតុលាការអន្តរជាតិទេ។

សូមជម្រាបថា ការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដែលធ្លាប់ធ្វើឱ្យកម្ពុជាឈ្នះក្ដីម្តង នៅឆ្នាំ ១៩៦២ និងឈ្នះម្តងទៀតនៅឆ្នាំ ២០១៣ នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ៕